ការប្រកួតមួយ ដែលកំណត់ជោគវាសនារបស់លោក Sarri ថាត្រូវបន្ដនៅ ឬ ចាកចេញពី Chelsea

បើតាមការរាយការណ៍បានអោយដឹងថា គ្រូបង្វឹក Maurizio Sarri ប្រឈមមុខនឹងការបណ្ដេញចេញពីតំណែង ប្រសិនបើលោកដឹកនាំក្រុម Chelsea បរាជ័យក្នុងការប្រកួត Carabao Cup វគ្គផ្ដាច់ព្រ័ត្រ ទល់នឹងក្រុម Manchester City នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

បើយោងតាម The Guardian លោក Sarri នៅតែមានឱកាស ដឹកនាំក្រុមតោខៀវ សំរាប់ការប្រកួត Europa League ទល់នឹងក្រុម Malmo នៅថ្ងៃព្រហស្បត្តិ៍ខាងមុខ។ Chelsea បានទទួលជ័យជំនះក្រៅដី ទល់នឹង Malmo ក្នុងលទ្ធផល ២-១ ប៉ុន្ដែ ប្រភពពីកាសែតខាងលើ បានអះអាងថា អ្នកចាត់ការសញ្ជាតិអ៊ីតាលី ប្រឈមមុខខ្ពស់នឹងការបណ្ដេញចេញ បើសិនជាបរាជ័យក្នុងការប្រកួតទល់នឹង City។

គួរបញ្ជាក់ថា Chelsea បានរងការបរាជ័យយ៉ាងចាស់ដៃ ទល់នឹងក្រុមដែលដឹកនាំដោយលោក Pep Guardiola កាលពីដើមខែកុម្ភៈកន្លងទៅក្នុងលទ្ធផល ៦-០ នៅ Premier League ហើយបរាជ័យ ២-០ ទល់នឹង Manchester United ធ្លាក់ពី FA Cup កាលពីថ្មីៗនេះ ធ្វើអោយអ្នកគាំទ្រមានការរិះគន់យ៉ាងចាស់ដៃពីការដឹកនាំក្រុមរបស់លោក។

យ៉ាងណាម៉ិញ អនាគតអតីតគ្រូបង្វឹកក្រុម Napoli រូបនេះ ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ម្ចាស់ក្លឹប Roman Abramovich បើទោះបីជាសេដ្ឋីសញ្ជាតិរុស្ស៊ីរូបនេះ មិនទាន់ឈានជើងចូលទឹកដីអង់គ្លេសទស្សនាការប្រកួតផ្ទាល់នៅឡើយក្ដីនៅក្នុងរដូវកាលនេះ៕

ប្រភព៖  Football Italia

មតិយោបល់