កីឡាករក្រុមឆែកថារកឃើញ ចំនុចខ្សោយរបស់ក្រុមអង់គ្លេស មុនតតាំងគ្នានៅវគ្គជម្រុះ Euro 2020

ខ្សែប្រយុទ្ធ Matej Vydra បានអោយយោបល់ក្រុមជម្រើសជាតិសាធារណរដ្ឋឆែក ថាចំនុចខ្សោយរបស់ក្រុមអង់គ្លេស គឺខ្សែការពារ Harry Maguire នៅពេលដែលក្រុមទាំងពីរត្រូវប្រកួតតតាំងជាមួយគ្នានៅទឹកដី Wembley នៅថ្ងៃសុក្រនេះ។

ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Gareth Southgate បានចាប់ផ្ដើមការប្រកួតជម្រុះ Euro 2020 ទល់នឹងក្រុមដែលធ្លាប់បានយកឈ្នះពួកគេកាលពីកន្លងមក។

តាមពិតទៅ ក្រុមតោកំណាចអង់គ្លេស មិនដែលបរាជ័យ ១៨ប្រកួតនៅក្នុងការប្រកួតពានរង្វាន់អឺរ៉ុបនៅក្នុងទឹកដីរបស់ពួកគេ លើកលែងតែការប្រកួតក្រោមការដឹកនាំរបស់គ្រូបង្វឹក Southgate ដែលបានចាញ់ក្រុមអេស្ប៉ាញ ក្នុងការប្រកួត Nations League កាលពីឆ្នាំមុន។

ប៉ុន្ដែ ខ្សែប្រយុទ្ធក្រុមសាធារណរដ្ឋឆែក Vydra យល់ឃើញថា ចំនុចខ្សោយរបស់ក្រុមអង់គ្លេសគឺខ្សែការពារ Maguire របស់ក្រុម Leicester City ដែលទើបតែត្រូវបានបណ្ដេញចេញពីការប្រកួត ទល់នឹងក្រុម Burnley នៅ Premier League កាលពីសប្ដាហ៍មុន។

ហើយខ្សែប្រយុទ្ធរបស់ក្រុម Burnley រូបនេះ បាននិយាយថា៖ “Harry Kane ជាកីឡាករកំពូលមួយរូប Rashford ក៏ជាកីឡាករឆ្នើមដែរ Raheem Sterling កំពុងមានទម្រង់លេងល្អ។ កីឡាករនៅតំបន់ប្រយុទ្ធរបស់ពួកគេរឹងមាំណាស់។ ប៉ុន្ដែសំរាប់តំបន់ការពារ ខ្ញុំមិនបានថាមិនល្អនោះទេ ប៉ុន្ដែ វាមិនសូវខ្លាំងដូចតំបន់ប្រយុទ្ធ។

“ដូច Maguire ជាឧទាហរណ៍ស្រាប់។ ពេលខ្លះគេមិនដឹងថា មានអ្វីកើតឡើងនៅពីក្រោយរូបគេទេ ដូច្នេះហើយ បានជាគេទទួលបានកាតក្រហម បន្ទាប់ពីលេងបាន៥នាទីទល់នឹង Burnley។”

ប្រភព៖ Livescore