កីឡាករបារាំង២រូប រកគ្រាប់បាល់ម្នាក់មួយគ្រាប់ ជួយឲ្យ Real Madrid ខិតកាន់តែកៀកតំណែងជើងឯក La Liga

ក្រុមកំពូលតារាង Real Madrid បានបន្ដគំលាត៤ពិន្ទុពីគូប្រជែងលីគកំពូលអេស្ប៉ាញ Barcelona បន្ទាប់ពីពួកគេបានយកឈ្នះទៅលើក្រុម Granada ដោយលទ្ធផល 2-1។

ខ្សែការពារបារាំង Ferland Mendy រកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមភ្ញៀវ Real Madrid ក្រោយចាប់ផ្ដើមការប្រកួតបាន១០នាទី មុនពេលដែល Karim Benzema រកបានមួយគ្រាប់បន្ថែមទៀតនៅ៦នាទីបន្ទាប់។

ប៉ុន្ដែ ក្រុមរបស់លោក Zinedine Zidane មិនទទួលបានជ័យជំនះដោយងាយស្រួលនោះទេ បន្ទាប់ពី Darwin Machis រកបានមួយគ្រាប់តាមពីក្រោយឲ្យក្រុមម្ចាស់ផ្ទះ Granada។

សម្រាប់លទ្ធផលនេះ ក្រុមអធិរាជស មានសង្ឃឹមកាន់តែខ្ពស់ក្នុងការគ្រងតំណែងជាជើងឯក La Liga ដោយពួកគេត្រូវការតែ២ពិន្ទុបន្ថែមទៀតប៉ុណ្ណោះ សម្រាប់២ប្រកួតចុងក្រោយ៕

អានអត្ថបទបន្ទាប់៖ លោក Solskjaer និយាយអ្វីខ្លះ ក្រោយពី Man United ខកខានឱកាសឡើងមកលេខ៣ ក្នុងតារាង PL?

លោក Ole Gunnar Solskjaer បានលើកឡើងថា Manchester United មិនសក្ដិសម នឹងទទួលបានជ័យជំនះទេ បន្ទាប់ពី Southampton រកគ្រាប់បាល់តាមស្មើនៅចុងម៉ោង សម្រាប់ការប្រកួត ដែលបញ្ចប់ក្នុងលទ្ធផល 2-2។

ក្រុមបិសាចក្រហមបានខកខានឱកាស ក្នុងការឡើងមកកាន់លេខ៣ ហើយបន្ដឈរនៅលេខ៥ក្នុងតារាង Premier League បន្ទាប់ពីពួកគេ ធ្វើឲ្យរបូតគ្រាប់បាល់នៅម៉ោងបន្ថែម។

ក្រោយចប់ការប្រកួត លោក Solskjaer បានថ្លែងប្រាប់ Sky Sports ថា៖ “វាជាពេលវេលាដ៏អាក្រក់បំផុត ដែលត្រូវរបូតគ្រាប់បាល់ ប៉ុន្ដែវាបានកើតឡើង នៅក្នុងពិភពបាល់ទាត់។”

“អ្នកត្រូវតែទទួលយកវា ព្រោះយើងបានឈ្នះច្រើនប្រកួតមកហើយ បែបនេះសម្រាប់យើង។ វាជាគ្រប់ផ្នែកដែលយើងត្រូវរៀនពីក្រុមមួយនេះ ពិតជាមានការខកចិត្ត បន្ទាប់ពីអ្នកគិតថា នឹងទទួលបាន៣ពិន្ទុទៅហើយ។”

“ប៉ុន្ដែប្រហែលជា យើងមិនសក្ដិសមទទួលបាន៣ពិន្ទុទេ នៅថ្ងៃនេះ។ ពួកគេលេងបានល្អ។ ពួកគេមានភាពរឹងមាំ។ យើងមិនមានចង្វាក់លេងក្នុងការបញ្ជូនបាល់ទេ នៅថ្ងៃនេះ ជាពិសេសនៅពេលដែលយើងនាំមុខ 2-1 ប៉ុន្ដែយើងបានបង្កើតឱកាសជាច្រើន និងលេងបាល់បានល្អក្នុងពេលនោះ។”

ប្រភព៖ Sky Sports