កីឡាករពីររូប ធ្វើដំណើរចាកចេញពីកីឡដ្ឋាន អំឡុងពេល Real Madrid កំពុងប្រកួតទល់នឹង Getafe

Gareth Bale និង Eden Hazard បានធ្វើដំណើរចាកចេញ អំឡុងពេលដែលក្រុម Real Madrid ត្រូវប្រកួតមិត្តភាពកំដៅសាច់ដុំទល់នឹងក្រុម Getafe ដោយពួកគេមិនរង់ចាំទស្សនាមិត្តរួមក្រុមលេងដល់ចប់ការប្រកួតនោះទេ។

Bale បានចាកចេញពីជំរុំហ្វឹកហាត់ នៅពេលដែលការប្រកួតលេងបាន២៧នាទី។ បើតាមវីដេអូឃ្លីបដែលថតបានដោយ ‘El Golazo de Gol’ បានបង្ហាញថា ខ្សែប្រយុទ្ធសញ្ជាតិវេលស៍បានជិះឡានចាកចេញពីកន្លែងប្រកួត។

បន្ទាប់មក Hazard ក៏បានចាកចេញផងដែរនៅក្នុងតង់ទី១ ដោយមិនចង់មើលមិត្តរួមក្រុមប្រកួតឡើយ។

ជារឿយៗ Bale តែងតែបង្ហាញសកម្មភាពដែលគួរឲ្យចាប់អារម្មណ៍ បើទោះបីជាមិនសូវបានបង្ហាញខ្លួននៅក្នុងការប្រកួតសម្រាប់ Madrid ក្ដី។ ហើយកន្លងមក កីឡាករវ័យ៣១ឆ្នាំរូបនេះ បានចាកចេញពីកីឡដ្ឋាន មុនពេលការប្រកួតបញ្ចប់។

គួរបញ្ជាក់ថាក្រុម Real Madrid បានយកឈ្នះទៅលើ Getafe ក្នុងការប្រកួតមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាល ក្នុងលទ្ធផល 6-0 ដោយខ្សែប្រយុទ្ធ Karim Benzema រកបាន៤គ្រាប់ ខណៈប្រធានក្រុម Sergio Ramos និងកីឡាករ Arribas ដែលមកពីឈុតយុវជន រកបានម្នាក់មួយគ្រាប់៕

ប្រភព៖ SPORT