កីឡាករមកពី EPL ២រូបដកខ្លួន ពីការប្រកួតសំរាប់អាហ្សង់ទីន ខណៈដែល Messi អាចត្រលប់មកវិញសារជាថ្មី

ខ្សែការពារ Macos Rojo របស់ Manchester United និង ខ្សែបម្រើ Roberto Pereyra របស់ក្រុម Watford បានដកខ្លួនចេញពីក្រុមជម្រើសជាតិអាហ្សង់ទីន សំរាប់ការប្រកួតមិត្តភាពទល់នឹងក្រុមប្រេស៊ីល និង អ៊ុយរូហ្គាយ។

ដោយឡែកប្រធានក្រុម Lionel Messi បានត្រៀមខ្លួនសំរាប់ការត្រលប់មកវិញ បន្ទាប់ពីរងពិន័យមិនឲ្យចូលរួមក្រុមរយៈពេល៣ខែរួចមក ខណៈដែល កីឡាករមកពីលីគកំពូលអង់គ្លេស Rojo និង Pereyra ពុំបានចូលរួមក្រុមឡើយ។

Messi បានត្រលប់មកវិញសំរាប់ក្រុមអាហ្សង់ទីន បន្ទាប់ពីរូបគេ ត្រូវបានសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង ពិន័យមិនឲ្យចូលរួមប្រកួតតាំងពីខែសីហា និងពិន័យជាទឹកប្រាក់ ៥ម៉ឺនដុល្លារ សំរាប់ការចោទប្រកាន់ថាមានអំពើពុករលួយ បន្ទាប់ពីក្រុមរបស់ខ្លួន ធ្លាក់ចេញពីការប្រកួត Copa America នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹងក្រុមប្រេស៊ីល។

ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ បានខកខានសំរាប់៤ប្រកួតកន្លងមក ដែលសុទ្ធសឹងជាការប្រកួតមិត្តភាព ដោយពួកគេបានយកឈ្នះទៅលើក្រុម អេក្វាឌ័រ (6-1) និង ម៉ិកស៊ីកូ (4-0) ហើយស្មើជាមួយក្រុម ឈីលី(0-0) និង អាល្លឺម៉ង់(2-2)៕

ប្រភព៖ Be Soccer

អានអត្ថបទបន្ទាប់៖ ជើងចាស់ Darren Bent សរសើរកីឡាករ Chelsea មួយរូបថាលេងល្អមិនចាញ់ Trent Alexander-Arnold

ខ្សែប្រយុទ្ធអង់គ្លេស Darren Bent បានលើកឡើងថា ខ្សែការពារស្លាបស្ដាំវ័យក្មេង Reece James របស់ក្រុម Chelsea មានសមត្ថភាពល្អដូចជា តារាឆ្នើម Trent Alexander-Arnold របស់ Liverpool ដែរ។

កីឡាករវ័យ១៩ឆ្នាំ របស់ក្រុមតោខៀវ បានបង្ហាញខ្លួនក្នុងជម្រើសដំបូងសំរាប់ការប្រកួតនៅ Premier League កាលពីថ្ងៃសៅរ៍កន្លងទៅ ក្នុងការជំនួសប្រធានក្រុម Cesar Azpilicueta ហើយបានសាងភាពលេចធ្លោដោយការពារ មិនឲ្យខ្សែប្រយុទ្ធ Wilfried Zaha បង្កគ្រោះថ្នាក់ដល់ក្រុមរបស់ខ្លួន ហើយទទួលបានជ័យជំនះ ២-០ ទៅលើក្រុម Crystal Palace។

របៀបលេងរបស់ James ត្រូវបានយកមកប្រៀបធៀបជាមួយនឹង ខ្សែការពារអង់គ្លេស និង ហង្សក្រហម Alexander-Arnold ដែលមានបច្ចេកទេសបញ្ជូនបាល់ពីចំងាយបានល្អ សំរាប់ក្រុមរបស់លោក Jurgen Klopp។

ហើយអតីតខ្សែប្រយុទ្ធរបស់ក្រុមមាន់ខ្នាយមាស Darren Bent ជឿជាក់ថា James មានសមត្ថភាពប្រហាក់ប្រហែលនឹង ខ្សែការពារស្លាបស្ដាំរបស់ក្រុមហង្សក្រហម។ លោក Bent បាននិយាយថា៖ “ខ្ញុំពិតជាអ្នកគាំទ្ររបស់កីឡាករវ័យក្មេងរូបនេះ។

“អ្វីដែលជាសំណាងមិនល្អនោះគឺ កីឡាករដែលលេងនៅក្នុងតំណែងជាមួយគេនោះគឺជាប្រធានក្រុម ប៉ុន្ដែអ្នកអាចប្រាប់ Lampard ថាវាជារឿងចាំបាច់ ក្នុងការឲ្យគេចូលរួមការប្រកួត ព្រោះគេបានត្រៀមខ្លួនរួចរាល់ហើយ។

“អ្នកមើលទៅលើសមត្ថភាពបច្ចេកទេសរបស់គេ ក្នុងការលេងបាល់ ខ្ញុំគិតថាគេលេងល្អដូចជា Trent អ៊ីចឹង។ ការបញ្ជូន និង ការរួមចំណែកជួយក្រុមគឺល្អដូចគ្នា។”

ប្រភព៖ talkSPORT