កីឡាករមួយរូប ត្រូវបានបណ្ដេញចេញពីការប្រកួត ក្រោយរុញគ្រូបង្វឹកគូប្រកួតដួលលើទីលាន

ប្រធានក្រុម Eintracht Frankfurt កីឡាករ David Abraham ត្រូវបានបណ្ដេញចេញពីការប្រកួត បន្ទាប់ពីរូបគេបានរុញ អ្នកចាត់ការក្លឹប SC Freiburg លោក Christian Streich នៅចុងតង់នៃការប្រកួតនៅលីគកំពូលអាល្លឺម៉ង់។

Abraham បានរត់សំដៅទៅកាន់គ្រូបង្វឹក Streich ហើយបានរុញវ័យ៥៤ឆ្នាំ ដួលនៅនឹងទីលាន បន្ទាប់ពី រត់តាមបាល់លោតចេញក្រៅទីលាននៅចុងម៉ោងនៃការប្រកួត។

គួរបញ្ជាក់ថា កីឡាករ Vincenzo Grifo របស់ក្រុម Freiburg ក៏ទទួលបានកាតក្រហមផងដែរ បន្ទាប់ពីមានវិវាទជាមួយគូប្រកួត បើទោះបីជារូបគេត្រូវបានប្ដូរចេញទៅហើយក្ដី។

ហើយក្រុម Freiburg បានទទួលជ័យជំនះនៅក្នុងការប្រកួតនោះ ដោយគ្រាប់បាល់តែមួយគ្រាប់គត់របស់ Nils Petersen នៅក្នុងនាទីទី ៧៧ ហើយបានរំកិលមកកាន់តំណែងលេខ៤នៅ Bundesliga ផងដែរ។

ទស្សនាវីដេអូខាងក្រោម៖

អានអត្ថបទបន្ទាប់៖ [វីដេអូ] Dybala ស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះសំរាប់ Juve ក្រោយប្ដូរចូលជំនួស Ronaldo

Paulo Dybala បានរកគ្រាប់បាល់សំរាប់ក្រុម Juventus ដើម្បីត្រលប់មកកាន់កំពូលតារាង Serie A សារជាថ្មី ក្រោយពីបានទទួលជ័យជំនះទៅលើក្រុម AC Milan ដោយលទ្ធផល ១-០ នៅក្នុងការប្រកួតនៅទឹកដី Allianz Stadium កាលពីយប់ម៉ិញ។

ក្រុមម្ចាស់ផ្ទះសេះបង្កង់បានបង្ហាញទម្រង់លេងមិនបានល្អនោះទេ នៅក្នុងការប្រកួតនេះ ប៉ុន្ដែបានអ្នកចាំទី Wojciech Szczesny សង្គ្រោះបាល់បានល្អជាច្រើនលើក។

Dybala បានប្ដូរចូលជំនួសតារាឆ្នើម Cristiano Ronaldo ក្រោយចាប់ផ្ដើមតង់ទី២ បាន១០នាទី ហើយរូបគេបានស៊ុតបញ្ចូលទី គ្រាប់បាល់ជ័យជំនះ សំរាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Maurizio Sarri ក្រោយពីមានការបញ្ជូនរបស់ មិត្ដរួមជាតិអាហ្សង់ទីន Gonzalo Higuain។

គួរបញ្ជាក់ថា Juve នៅបន្ដកំណត់ត្រាមិនបរាជ័យរបស់ខ្លួនសំរាប់រដូវកាលនេះ ដោយមាន១ពិន្ទុនាំមុខ Inter Milan ខណៈដែល AC Milan កំពុងត្រដាបត្រដួសឈរនៅលេខរៀងទី១៤នៅ ក្នុងតារាង Serie A៕