កីឡាករ១១រូប ដែលអាចចាកចេញពី ក្លឹបនៅ Premier League មុនចុងខែមករាខាងមុខនេះ

ការចាកចេញពីក្លឹប ជាជម្រើសល្អបំផុតនៅពេលដែលកីឡាករ ចង់បានពេលវេលាលេងលើទីលានអោយបានច្រើន ការមិនបន្ដកុងត្រាថ្មី ហើយ និងការមិនសប្បាយចិត្តជាមួយក្លឹបដែលគេកំពុងលេង ក្រោយជួបបញ្ហាផ្សេងៗ។

ហើយខាងក្រោមនេះ ជាកីឡាករនៅលីគកំពូលអង់គ្លេស ដែលនឹងអាចចាកចេញពីក្លឹប មុនថ្ងៃទី៣១ ខែមករាខាងមុខនេះ។

Mousa Dembele(Tottenham)

Dembele មានគំរោងចាកចេញពីក្លឹបមាន់ខ្នាយមាស បន្ទាប់ពីក្លឹបទទួលការដេញថ្លៃ ១១លានផោន ពីក្លឹបចិន Beijing Sinobo Guoan​ កាលពីថ្ងៃអង្គារកន្លងទៅ។

Alberto Moreno (Liverpool)

Moreno បានបង្ហាញខ្លួនសំរាប់ Liverpool បានតែ៤ប្រកួតប៉ុណ្ណោះ នៅរដូវកាលនេះ ក្រោយមិនអាចប្រជែតំណែងជាមួយនឹង Andy Robertson ហើយរូបគេមានបំណងចង់ត្រលប់ទៅអេស្ប៉ាញ ក្រោយចោទលោក Jurgen Klopp ថាមិនផ្ដល់ឱកាសអោយកូនក្រុមបានលេងស្មើភាពគ្នា។

Cesc Fabregas (Chelsea)

Fabregas បានផ្ញើសារលាអ្នកគាំទ្រ Chelsea នៅពេលដែលរូបគេបានចាកចេញពីទីលានប្រកួត FA Cup ហើយចាកចេញទៅចូលរួមជាមួយអតីតមិត្ដរួមក្រុម Thierry Henry ដែលបច្ចុប្បន្ន ជាគ្រូបង្វឹកក្រុម Monaco។

Abdoulaye Doucoure (Watford)

Doucoure បានជាប់ជម្រើសដំបូង សំរាប់ Watford តែមួយប្រកួតប៉ុណ្ណោះ ក្នុងចំនោម២១ប្រកួតនៅក្នុងលីគ ហើយកីឡាកររូបនេះ អាចនឹងចាកចេញទៅចូលរួមជាមួយនឹង Paris Saint-Germain នៅខែមករានេះ។

Divock Origi (Liverpool)

ក្លឹប West Ham និង Fulham សុទ្ធតែមានចំនាប់អារម្មណ៍ចង់បាន ខ្សែប្រយុទ្ធ Origi របស់ Liverpool។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ បានបង្ហាញខ្លួនតែ ៤ប្រកួតប៉ុណ្ណោះសំរាប់រដូវកាលនេះ ក្រោយពិបាកនឹងប្រជែង Roberto Firmino, Sadio Mane, Mohamed Salah និង Daniel Sturridge។

Marko Arnautovic (West Ham)

ខ្សែប្រយុទ្ធ Arnautovic របស់ក្រុម West Ham មានបំណងចង់ចាកចេញ ហើយក្លឹបមួយនៅចិន បានដេញថ្លៃ៣៥លានផោន ដើម្បីនាំយករូបគេទៅលេងនៅទីនោះ។

Joe Hart (Burnley)

ដោយសារបញ្ហារបួសស្មារធ្ងន់ធ្ងរ របស់អ្នកចាំទី Nick Pope ទើប Joe Hart មានឱកាសជាប់ជម្រើសដំបូងសំរាប់ក្រុម Burnley ប៉ុន្ដែបន្ទាប់ពីរូបគេបានធ្វើអោយរបូតគ្រាប់បាល់ច្រើនខ្លាំងពេក ទើបគ្រូបង្វឹកដករូបគេជំនួសមកវិញដោយ Tom Heaton កាលពីខែមុន។

Alvaro Morata (Chelsea)

Morata មានទំនាក់ទំនងផ្ទេរទៅកាន់ Sevilla និង Atletico Madrid។ ខ្សែប្រយុទ្ធរូបនេះ ហាក់មានការមិនសប្បាយចិត្ត ចំពោះសំពាធដែលអ្នកគាំទ្របានដាក់មកលើខ្លួន ហើយរូបគេមិនអបអរនោះទេ នៅពេលដែលរកគ្រាប់បាល់បានពីរគ្រាប់ទល់នឹង Nottingham Forest។

Idrissa Gueye (Everton)

Everton មានបំណងចង់លក់ខ្សែបម្រើការពាររបស់ក្លឹប ដែលជាគោលដៅរបស់ PSG ក្នុងការមកជំនួសតំណែង កីឡាករ Lassana Diarra ដែលនឹងចូលនិវត្តពីបាល់ទាត់។

Andreas Pereira (Manchester United)

ក្រោយបង្ហាញភាពលេចធ្លោក្នុងការបង្ហាញខ្លួន នៅដើមរដូវកាលនេះ ខ្សែបម្រើ Pereira មិនអាចប្រជែងតំណែងនៅក្នុងជម្រើសដំបូងរបស់ក្រុមបានឡើយ។

Victor Moses (Chelsea)

បន្ទាប់ពីបានបង្ហាញខ្លួនយ៉ាងល្អ នៅក្នុងការជួយជ្រោមជ្រែងអោយ Chelsea ឈ្នះពាន Premier League កាលពីរដូវកាល ២០១៦/១៧ រួចមក Moses មិនត្រូវបានអ្នកចាត់ការ Sarri ដាក់អោយលេងច្រើននោះទេ ដោយរូបគេបានបង្ហាញខ្លួនតែ ៥ប្រកួតប៉ុន្ដែ ក្រោមការដឹកនាំរបស់គ្រូបង្វឹកអ៊ីតាលី៕

ប្រភព៖ talkSPORT

មតិយោបល់