កីឡាករ ៥ រូប​ត្រូវ​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ​ពី​ទីលាន ដោយសារ​ស្ទាយ​អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី

ជា​ការ​ពិត​ក្រោយ​ការ​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់ៗ​កីឡាករ​លើ​ទីលាន​ប្រកួត រមែង​រត់​ទៅ​បញ្ចេញ​ស្ទាយ​អបអរ​ជា​លក្ខណៈ​បុគ្គល​ឬ​ជាមួយ​មិត្ត​រួម​ក្រុម បង្ហាញ​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ក្នុង​កីឡដ្ឋាន។

ប៉ុន្តែ​ដោយសារ​ការ​បង្ហាញ​ស្ទាយ​អបអរ​នេះ ក៏​ធ្លាប់​ជា​ដើមចម​ដែល​ធ្វើ​ឲ្យ​កីឡាករ ៥ រូប​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ទីលាន​ប្រកួត ​ក្រោយ​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម ក្រោម​ហេតុផល​ផ្សេងៗ​ពី​គ្នា។

អត្ថបទ​នេះ CamboTrends បង្ហាញ​ឲ្យ​អ្នក​បាន​ដឹង​ពី​ស្ទាយ​អបអរ ៥ របស់​កីឡាករ​ដែល​នាំ​ឲ្យ​មាន​ការ​ពិន័យ​កាត​ក្រហម៖

៥.Edinson Cavani

នៅ​ប្រកួត​មួយ​កាល​ពី​រដូវ​កាល ២០១៤/១៥ គ្រា​ដែល PSG ត្រូវ​លេង​តតាំង​នឹង​ក្លឹប Lens កាល​នោះ​គឺ​បាន​ទទួល​ជ័យជម្នះ​នៅ​លទ្ធផល ៣-១។ ប៉ុន្តែ​អ្វី​ដែល​ហួសចិត្ត​គឺ Cavani បែរ​ជា​ត្រូវ​ដើរ​ចេញ​ពី​ទីលាន​ប្រកួត ក្រោយ​ចេញ​ស្ទាយ​អបអរ​ Sniper ​ដែល​ជាប់​ពិន័យ​ពាក់ព័ន្ធ​សកម្មភាព​ផ្សព្វផ្សាយ​ការ​ប្រើប្រាស់​អា វុធ។ ដំបូង​ឡើយ​គេ​ទទួល​បាន​កាត​លឿង​ទេ លុះ​ផ្ទុះ​ការ​តវ៉ា​ដល់​ថ្នាក់​ទាញ​អាវ​អាជ្ញាកណ្តាល​លោក​ក៏​ទទួល​បាន​កាត​លឿង​មួយ​ទៀត​ស្មើ​នឹង​កាត​ក្រហម​មួយ។

៤.Lukasz Sapela


អ្នកចាំទី​រូប​នេះ បាន​សង្រ្គោះ​បាល់​ប៉េណាល់ទី​ដ៏​ល្អ​មួយ ហើយ​ចេញ​នូវ​ស្ទាយ​អបអរ​ដែល​អួត​បង្ហាញ​ពី​សាច់ដុំ​ដៃ តែ​លទ្ធផល​ក៏​ទទួល​បាន​កាត​ក្រហម​ទៅ​វិញ។ ជុំវិញ​មូលហេតុ​មិន​មាន​ប្រភព​ច្បាស់ការ​ណា​មួយ​ធ្លាប់​បញ្ជាក់​នោះ​ទេ។

៣.Medi Dresevic


ខ្សែ​ការពារ​កណ្តាល​សញ្ជាតិ​ស៊ុយអែត បាន​បំបែក​គ្រាប់​បាល់​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ក្រុម ហើយ​លោក​ហាក់​ពេញ​ចិត្ត​គ្រាប់​បាល់​នោះ​ជា​ខ្លាំង រហូត​ដល់​ថ្នាក់​ទៅ​អបអរ ដោយ​រត់​ទៅ​កាន់​ជួរ​កៅអី​អ្នក​គាំទ្រ ហើយ​អង្គុយ​និង​លើក​ដៃ​សាទរ​ខ្លួន​ឯង តែ​នរណា​ទៅ​ដឹង​ចុងក្រោយ​បែរ​ជា​ត្រូវ​អាជ្ញាកណ្តាល​ពិន័យ​កាត​លឿង​ទី​ពីរ​ទៅ​វិញ។

២.Carlos Tevez

អំឡុង​ការ​អបអរ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ​ប្រកួត​ទល់​នឹង​ក្លឹប​ River Plate អតីត​កីឡាករ​ជើង​ចាស់​លោក Carlos Tevez បាន​ចេញ​ស្ទាយ​ប្រដូច​ទៅ​នឹង​សត្វ​មាន់ ហើយ​បាន​ទទួល​កាត​លឿង​ទី​ពីរ​ស្មើ​នឹង​កាត​ក្រហម​មួយ​ពី​សំណាក់​អាជ្ញាកណ្តាល។

ហេតុផល​ជុំវិញ​រឿងរ៉ាវ​នេះ ក៏​ដោយសារ​ស្ទាយ​អបអរ​ចេញ​ជា​សត្វ​មាន់​នោះ តំណាង​ឲ្យ​និមិត្តរូប​នៃ​ក្លឹប River Plate ដែល​ជា​គូ​ប្រជែង បែប​នេះ​ក្នុង​ការ​ប្រកួត​តតាំង​គ្នា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អបអរ​បែប​ហ្នឹង​ឡើយ។

១.Neymar Jr

Neymar ជាប់​ឈ្មោះ​ជា​កីឡាករ​បាល់ទាត់​លេចធ្លោ​បំផុត​មួយ​នៅ​ប៉ែក​អាមេរិក​ខាង​ត្បូង​នា​ឆ្នាំ ២០១១។ ពេល​មួយ​នោះ​ស្ទាយ​អបអរ​របស់​គេ គឺ​បាន​យក​ម៉ាស​មុខ​មក​ពាក់​អបអរ​ខ្លួន​ឯង តែ​ដោយសារ​ការ​មិន​ពេញ​ចិត្ត​ពី​អាជ្ញាកណ្តាល កីឡាករ​ប្រេស៊ីល​ក៏​ទទួល​បាន​ក្រហម៕

ប្រភព៖ Sokkaa.com​