កីឡាករ Barca ម្នាក់ កំពុងបើកបេះដូងរងចាំក្លឹបនៅ Serie A នាំយករូបគេទៅ មុនរដូវកាលផ្ទេរកីឡាករបិទ

តារាឆ្នើម Arturo Vidal របស់ក្លឹប Barcelona ទំនងជាកំពុងរងចាំក្លឹប Inter Milan មកទទួលយកគេ មុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅត្រូវបិទនៅខែកញ្ញាខាងមុខ ។

ជាក់ស្តែងនេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី SempreInter.com ដែលរាយការណ៍ថាកីឡាករ Vidal បានបង្ហាញចំណាប់អារម្មណ៍ក្នុងការជួបជុំគ្នាជាមួយអតីតគ្រូបង្វឹករបស់គេគឺលោក Antonio Conte ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុម Inter Milan ។

មិនតែប៉ុណ្ណោះទន្ទឹមនឹងនេះដែរក្រុម Inter ពិតជាគ្មានចេតនាក្នុងការបំពេញនូវតម្លៃខ្លួន ២០ លានផោនរបស់ខ្សែបំរើរូបនេះឡើយ តែទោះបីជាយ៉ាងណាក៏ដោយពួកគេនៅតែចាប់អារម្មណ៍ក្នុងការនាំយកកីឡាកររូបនេះមកកាន់ទឹកដីអុីតាលី បើទោះធ្វើលក្ខខណ្ឌខ្ចីជើងក្តី ។

លើសពីនេះរបាយការណខាងលើបានរាយការណ៍បន្ថែមថានាយកប្រតិបត្តិក្រុម Inter Milan លោក Giuseppe Marotta និងនាយកផ្នែកកីឡាលោក Piero Ausilio កំពុងធ្វើការយ៉ាងអត់ធ្មត់ចំពោះការផ្លាស់ប្តូរមួយសម្រាប់ Vidal ដោយសង្ឃឹមថាក្រុម Barcelona នឹងទទួលយកលក្ខខណ្ឌខ្ចីជើង នៅសប្តាហ៍ចុងក្រោយនៃទីផ្សារដោះដូរកីឡាករ ៕

ប្រភព: FoxsportsAsia