កីឡាករ Real Madrid នាំមុខគេសំរាប់ពាន ប្រចាំតំណែងទាំងបួនរបស់ Champions League 2017/18

ខ្សែប្រយុទ្ធ Liverpool កីឡាករ Mohamed Salah ជាប់ឈ្មោះក្នុងចំនោមបេក្ខភាព ចុងក្រោយសំរាប់ខ្សែប្រយុទ្ធល្អបំផុត សំរាប់ការប្រកួត UEFA Champions League កាលពីរដូវកាលមុន។

ខ្សែប្រយុទ្ធអេហ្ស៊ីប រកគ្រាប់បាល់បាន ១១គ្រាប់ ដោយជួយអោយក្រុមដែលដឹកនាំដោយលោក Jurgen Klopp ឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៅទីក្រុងគៀវ ជាប្រកួតដែលនាំអោយរូបគេរងរបួសស្មារ ហើយបរាជ័ក្រោមថ្វីដៃក្រុម Real Madrid ក្នុងលទ្ធផល ៣-១។

Salah ជាប់ឈ្មោះជាបេក្ខភាពជាខ្សែប្រយុទ្ធល្អបំផុត ជាមួយនឹងអតីតខ្សែប្រយុទ្ធ Real Madrid Cristiano Ronaldo ដែលបានផ្ទេរទៅលេងអោយ Juventus និង តារាឆ្នើម Lionel Messi របស់ Barcelona។

ទោះបីជាមិនអាចជួយក្រុមអោយឡើងផុតវគ្គ៨ក្រុមចុងក្រោយ UCL ដោយបរាជ័យទល់នឹងក្រុម ហង្សក្រហមជាមួយលទ្ធផលសរុប ៥-១ ក្ដី ប៉ុន្ដែ ខ្សែបម្រើ Kevin de Bruyne ក៏មានឈ្មោះក្នុងបញ្ជីបេក្ខភាពចុងក្រោយ ទាំងបីរូបពានខ្សែបម្រើល្អបំផុតផងដែរ។ ខ្សែបម្រើបែលហ្ស៊ិករូបនេះ ត្រូវប្រជែងជាមួយ ខ្សែបម្រើ Toni Kroos និង Luka Modric របស់ក្រុម Real Madrid។

ខ្សែការពារបីរូបរបស់ Real Madrid គឺ Marcelo, Raphael Varane និង Sergio Ramos ឈរជាបេក្ខភាពខ្សែការពារល្អបំផុត នៅក្នុងការប្រកួត Champions League កាលពីរដូវកាលមុន ដោយពួកគេបានជួយក្រុមអោយឈ្នះពាន រង្វាន់ធំជាងគេរបស់អឺរ៉ុបនេះ បីរដូវកាលជាប់ៗគ្នា ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិបារាំង លោក Zinedine Zidane។

ហើយសំរាប់តំណែងអ្នកចាំទីវិញ កីឡាករចំនូលថ្មីរបស់ ហង្សក្រហម Alisson Becker មានឈ្មោះជាបេក្ខភាព អ្នកចាំទីល្អបំផុត សំរាប់ Champions League ក្រោយរូបគេបង្ហាញទម្រង់លេងលេចធ្លោរសំរាប់ក្រុម Roma មុនពេលផ្ទេរមកលេងនៅទឹកដី Anfield។

អ្នកចាំទីប្រេស៊ីលរូបនេះ ត្រូវប្រជែងពានរង្វាន់នេះ ជាមួយនឹង Keylor Navas របស់ក្រុម Real Madrid និង Gianluigi Buffon របស់ Juventus ដែលបច្ចុប្បន្នអ្នកចាំទីចាស់វស្សារូបនេះ បានផ្លាស់ទៅលេងអោយ ក្លឹបបារាំង Paris Saint-Germain។

សំរាប់បេក្ខភាពតាមតំណែងខាងលើ ត្រូវបានជ្រើសរើសដោយគ្រូបង្វឹក និង អ្នកកាសែត ហើយអ្នកឈ្នះនឹងត្រូវប្រកាសក្នុងការចាប់ឆ្នោតវគ្គចែកពូល ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៣០ខែសីហាខាងមុខនេះ៕

ប្រភព៖ Euro Sport