កីឡាករ Real Madrid មួយរូបទៀត ត្រូវផ្ញើវាសនាជាមួយនឹងក្លឹបនៅលីគកំពូលអង់គ្លេស​ តាម Ceballos

Real Madrid បានបញ្ជាក់ជាផ្លូវការថា ខ្សែការពារ Jesus Vallejo បានចូលរួមជាមួយនឹងក្លឹប Wolverhampton Wanderers ក្នុងលក្ខខណ្ឌខ្ចីជើង១រដូវកាល ប៉ុន្ដែមិនមានលក្ខខណ្ឌទិញផ្ដាច់ឡើយ។

ខ្សែការពារកណ្ដាលរូបនេះ នឹងចូលរួមជួយក្រុម Wolves ដើម្បីប្រកួតវគ្គជម្រុះ Europa League ដែលរដូវកាលមុន ក្រុមមួយនេះបានបញ្ចប់រដូវកាលនៅ Premier League ក្នុងចំណាត់ថ្នាក់លេខ៧ ក្រោមការដឹកនាំរបស់ អតីតគ្រូបង្វឹកក្រុម Valencia លោក Nuno Espirito Santo។

គួររំលឹកថា Vallejo បានជួយអោយក្រុមជម្រើសជាតិអេស្ប៉ាញក្រោមអាយុ២១ឆ្នាំ ឈ្នះពាន Euro 2019 កាលពីរដូវក្ដៅកន្លងទៅ ប៉ុន្ដែ រូបគេមានការពិបាកក្នុងការប្រជែងតំណែងខ្សែការពារកណ្ដាល ក្រោយពីក្លឹបទិញបានកីឡាករប្រេស៊ីល Eder Militao។

គួររំលឹកថា កាលពីថ្មីៗនេះខ្សែបម្រើ Dani Ceballos ដែលជាមិត្ដរួមក្រុម Real Madrid និង ជម្រើសជាតិអេស្ប៉ាញ បានសំរេចចិត្តផ្លាស់ទៅចូលរួមជាមួយ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើងផងដែរ៕

ប្រភព៖ Marca