កីឡាករ Real Madrid មួយរូបប្រឈមនឹងការដើរចេញពីក្លឹប ដោយសារមានបញ្ហាផ្ទាល់ខ្លួនជាមួយ Luca Zidane

ខ្សែការពារវ័យក្មេង Sergio Reguilon បានបង្ហាញទម្រង់ល្អគួរអោយកត់សំគាល់ ប៉ុន្ដែ អនាគតរបស់គេ ស្ថិតនៅក្នុងភាពស្រពេលស្រពិលជាមួយក្លឹប ប៉ុន្ដែមិនទាក់ទងនឹង ទម្រង់លេងរបស់គេឡើយ។

បើតាមការចុះផ្សាយរបស់ El Confidential កីឡាករអេស្ប៉ាញរូបនេះ ដឹងច្បាស់ថារូបគេ អាចនឹងចែកផ្លូវគ្នាជាមួយ Real Madrid នៅពេលដែលគ្រូបង្វឹក Zinedine Zidane ត្រលប់មកដឹកនាំវិញ។

ក្រោមការដឹកនាំរបស់លោក Santiago Solari ខ្សែការពារស្លាបឆ្វេងរូបនេះ មានឱកាសចូលលេងបានញឹកញាប់ ហើយត្រូវបានចាត់ទុកថា ជាកីឡាករមួយរូបរបស់ Real Madrid ដែលមានទម្រង់លេងល្អ ប៉ុន្ដែបច្ចុប្បន្នរូបគេកំពុងជួបប្រទះបញ្ហាលំបាក។

នៅពេលដែល Zidane ត្រលប់មកវិញ គ្រូបង្វឹកសញ្ជាតិបារាំង បានជ្រើសរើស Marcelo អោយលេងនៅ ជម្រើសដំបូង មិនមែនដោយសារការចាត់ចែងតាម រចនាសម្ព័ន្ធរបស់ក្រុមទេ ដោយប្រភពខាងលើបានទំលាយថា Reguilon មានទំនាស់ជាមួយនឹងអ្នកចាំទី Luca Zidane កូនប្រុសរបស់គូបង្វឹកបច្ចុប្បន្ន ទាក់ទងនឹងជីវិតផ្ទាល់ខ្លួន។

ក្រោមការដឹកនាំរបស់ Zidane កីឡាករវ័យ២២ឆ្នាំរូបនេះ បានបង្ហាញខ្លួនតែ ២ប្រកួតប៉ុណ្ណោះខណៈដែល កីឡាករបារាំង Ferland Mendy អាចនឹងផ្លាស់មកកាន់ក្លឹបយក្សអេស្ប៉ាញផងដែរ ហើយវាអាចជាពេលវេលាដែល Reguilon ត្រូវចាកចេញ៕

ប្រភព៖ SPORT