កូនក្រុមមួយរូបរបស់លោក Allegri ទំលាយថា ចង់ដឹកនាំ Juventus នៅថ្ងៃណាមួយនាពេលអនាគត

ខ្សែការពាររបស់ក្លឹបយក្សអ៊ីតាលី Juventus កីឡាករ Leonardo Bonucci បាននិយាយថា រូបគេនឹងប្រជែងលោក Massimiliano Allegri ក្នុងការធ្វើជាគ្រូបង្វឹករបស់ Juventus នាពេលអនាគត។

ខ្សែការពារវ័យ៣១ឆ្នាំរូបនេះ ហាក់ធ្លាក់ប្រជាប្រិយភាពពីអ្នកគាំទ្រ ក្រោយពីរូបគេបានផ្លាស់ទៅលេងនៅ AC Milan កាលពីខែកក្កដា ២០១៧ ក្រោយមិនសូវចុះសម្រុងជាមួយនឹងលោក Allegri កាលពីរដូវកាលមុន។

បន្ទាប់ពីចំណាយរយៈពេលមួយឆ្នាំនៅទឹកដី San Siro ខ្សែការពារអ៊ីតាលីរូបនេះ បានត្រលប់មកក្លឹបចាស់របស់ខ្លួន ដែលរូបគេបានជួយអោយក្លឹបសេះបង្កង់ឈ្នះពាន Serie A ៨លើក ហើយរូបគេបានបង្ហើបថា នៅពេលដែលត្រូវបញ្ចប់អាជីពជាកីឡាករបាល់ទាត់ រូបគេអាចនឹងប្រជែងតំណែងរបស់លោក Allegri ក្នុងការដឹកនាំក្រុមបាល់ទាត់។

Bonucci បានថ្លែងប្រាប់ Corriere dello Sport ថា៖ “ក្ដីសុបិនរបស់ខ្ញុំ គឺជាក្លាយជាគ្រូបង្វឹកដ៏សំខាន់មួយរូប របស់ក្លឹបជើងខ្លាំងមួយ ដែលអាចជា Juventus។ ដូច្នេះ ខ្ញុំបានសង្គេត និងប្រមូលយកនូវគន្លឹះនៃគ្រូបង្វឹកផ្សេងៗ ហើយព្យាយាមធ្វើអោយខ្លួនខ្ញុំកាន់តែប្រសើរឡើង។”

គួររំលឹកថា Bonucci មានឈ្មោះក្នុងជម្រើសដំបូងរបស់ក្រុមសឹងគ្រប់ការប្រកួត សំរាប់រដូវកាលនេះ ដោយបានជួយអោយក្រុមសេះបង្កង់ ទទួលបានលទ្ធផលឈ្នះគ្រប់ការប្រកួត (៨ប្រកួតនៅ Serie A និង ២ប្រកួត នៅ Champions League) ហើយរូបគេបានបង្ហាញការតាំងចិត្ត ថានឹងជួយក្រុមអោយជោគជ័យសំរាប់ពេលខាងមុខ៕

ប្រភព៖ Be Soccer

មតិយោបល់