កូនក្រុមលោក Pep ម្នាក់ថា Man City លេងល្អជាង តែហង្សក្រហមឈ្នះដោយសារសំណាង

Liverpool គឺមានសំណាង ដែលអាចរកបាន៣ពិន្ទុ ពីការប្រកួតទល់នឹង Manchester City កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ នេះបើតាមការយល់ឃើញរបស់ខ្សែបម្រើ Rodri ដែលបានអះអាងថា ក្រុមរបស់ខ្លួន លេងបានល្អជាងគូប្រកួតរបស់ខ្លួនឆ្ងាយណាស់។

ក្រុមដែលដឹកនាំដោយលោក Jurgen Klopp បានធានាជ័យជំនះ ៣-១ ក្នុងការប្រកួតទល់នឹងក្រុមការពារជើងឯក Premier League ដែលបីគ្រាប់នោះរកបានដោយ Fabinho, Mohamed Salah និង Sadio Mane ដែលជួយឲ្យពួកគេបន្ដឈរនៅកំពូលតារាង។

បច្ចុប្បន្ន Man City ឈរនៅលេខ៤ក្នុងតារាង លីគកំពូលអង់គ្លេស និងមានគំលាត៩ពិន្ទុ ពីក្រុមកំពូលតារាងហង្សក្រហម ប៉ុន្ដែ Rodri ហាក់មិនពេញចិត្ត សំរាប់លទ្ធផលដែលទទួលបាន សំរាប់ការប្រកួតនាទឹកដី Anfield។

ខ្សែបម្រើអេស្ប៉ាញរូបនេះបាននិយាយថា៖ “ខ្ញុំគិតថាយើងមានភាពប្រសើរជាងគ្រប់យ៉ាង។ យើងបង្កើតឱកាសបានច្រើនជាងពួកគេ ប៉ុន្ដែ ពួកគេអាចមកដល់មុខទីយើង៣លើក ហើយរកគ្រាប់បាល់បាន៣គ្រាប់។

“ពួកយើងបានចាកចេញទាំងអារម្មណ៍សោកសៅ ព្រោះយើងចង់ឈ្នះការប្រកួត។ ខ្ញុំគិតថាពួកគេធ្វើមិនបានល្អដូចយើងនោះទេ ប៉ុន្ដែពួកគេសំណាង ដែលអាចរកគ្រាប់បាល់ រាល់ឱកាសដែលពួកគេទទួលបាន។”

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ Ronaldo ប្រឈមនឹងបញ្ហាធំមួយ ក្រោយពីចាកចេញពីកីឡដ្ឋាន មុនការប្រកួតបញ្ចប់

Cristiano Ronaldo ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង សំរាប់ប្រតិកម្មរបស់ខ្លួន សំរាប់ការសំរេចចិត្តរបស់គ្រូបង្វឹក Maurizio Sarri ដែលបានប្ដូររូបគេចេញ ក្រោយលេងបានតែ១០នាទី សំរាប់ការប្រកួតនៅក្នុងតង់ទី២ ទល់នឹងក្រុម AC Milan។

គ្រូបង្វឹក Sarri បានប្ដូរខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala ជំនួសវិញ ហើយរូបគេជាអ្នករកគ្រាប់បាល់ជ័យជំនះ ក្នុងការប្រកួត ប៉ុន្ដែ Ronaldo អាចប្រឈមនឹងបញ្ហាធ្ងនធ្ងរសំរាប់អ្វីដែលរូបគេបានធ្វើ។

អតីតកីឡាករអ៊ីតាលី Antonio Cassano បាននិយាយនៅក្នុងកម្មវិធី Tiki-Taka របស់ទូរទស្សន៍អ៊ីតាលី ដោយបានរំឮកពីពេលវេលាដែលលោកនៅជាកីឡាកររបស់ក្រុម Roma។ លោកបានចាកចេញពីកីឡដ្ឋាន Stadio Olimpico មុនការប្រកួត ទល់នឹងក្រុម Lazio បញ្ចប់ ហើយត្រូវបង្ខំចិត្តត្រលប់មកវិញ។

ករណីដែលលោកបានលើកឡើង ស្រដៀងទៅនឹងករណីរបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់ ដែលបានចាកចេញពីកីឡាដ្ឋាន មុនពេលការប្រកួតត្រូវបានបញ្ចប់។

លោក Cassano បានចោទជាសំណួរថា៖ “តើគេចាកចេញមុនពេលការប្រកួតបញ្ចប់មែនទេ? អ្នកមិនអាចធ្វើបែបនេះបានទេ ព្រោះមានការពិនិត្យសារធាតុញៀន។ ខ្ញុំធ្លាប់បានត្រលប់មកកាន់កីឡដ្ឋានវិញយ៉ាងប្រញាប់ប្រញាល់បំផុត ដើម្បីចៀសផុតពីការរងពិន័យពីរឆ្នាំ។”

គួររំឮកថា Ronaldo បានចាកចេញពីទីលានប្រកួត ក្រោយត្រូវបានប្ដូរចេញ ហើយដើរតំរង់ទៅបន្ទប់ផ្លាស់សំលៀកបំពាក់ ដោយមិនអង្គុយរង់ចាំនៅកៅអីបម្រុងឡើយ។ ហើយប៉ុន្មាននាទីក្រោយមក ខ្សែប្រយុទ្ធរូបនេះ បានចាកចេញពីកីឡដ្ឋានរបស់ Juventus ខណៈដែលការប្រកួតមិនទាន់បញ្ចប់នៅឡើយ។”

ប្រភព៖ AS