ក្ដីរីករាយលាយទឹកភ្នែក ពេលក្រុមជម្រើសជាតិថៃផ្នែកនារី រកគ្រាប់បាល់ដំបូង ទោះរបូត ១៨គ្រាប់

ទោះបីជាដឹងថាត្រូវធ្លាក់ចេញពីការប្រកួត World Cup ត្រឹមវគ្គចែកពូលក្ដី ប៉ុន្ដែ ក្រុមជម្រើសជាតិថៃផ្នែកនារី មានក្ដីរីករាយលាយឡំដោយទឹកភ្នែក នៅក្នុងការប្រកួតបរាជ័យ ៥-១ ទល់នឹងស៊ុយអែត។

ក្រុមតែមួយគត់ដែលមកពីអាស៊ីអាគ្នេយ៍ បានបរាជ័យក្នុងការប្រកួតទល់នឹងក្រុមអាមេរិច ១៣-០ កាលពីដើមសប្ដាហ៍កន្លងទៅ ក្រុមអាមេរិច ទទួលបានការរិះគន់យ៉ាងចាស់ដៃ ក្រោយពីអបអរហួសហេតុ សំរាប់ជ័យជំនះនេះ។

ដោយឡែកនៅក្នុងការប្រកួតបន្ទាប់ ស៊ុយអែតបាននាំមុខ ៤-០ ក្រោយលេងបាន៨១នាទី ប៉ុន្ដែ កីឡាការនី Kanjana Sungngoen បានរកគ្រាប់បាល់បញ្ចូលទី តែមួយគ្រាប់គត់សំរាប់ជម្រើសជាតិរបស់ខ្លួន។

ហើយអ្នកចាត់ការទូទៅ អ្នកស្រី Nualphan Lamsam បានសំរក់ទឹកភ្នែកជាមួយនឹងក្ដីរីករាយ សំរាប់គ្រាប់បាល់ដំបូងដែលរកបាន ក្នុងការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារី។

អ្នកចាត់ការវ័យ៥៣ឆ្នាំរូបនេះ បានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីផ្ចុងផ្ដើមក្រុមនេះឡើង ហើយបើគ្មានអ្នកស្រីទេ ប្រហែលជាគ្មានឈ្មោះក្រុមជម្រើសជាតិថៃមកលេងនៅ World Cup ឡើយ។

អ្វីដែលគួរអោយសោកស្ដាយនោះគឺក្រុមថៃ បានរបូតគ្រាប់បាល់ដល់ទៅ ១៨គ្រាប់ ក្នុងពីរប្រកួត ហើយធ្លាក់ចេញពីការប្រកួត ប៉ុន្ដែពួកគេនៅចាំមិនភ្លេច សំរាប់គ្រាប់បាល់ដ៏មានន័យមួយគ្រាប់ដែលរកបានមុនត្រលប់ទៅស្រុកវិញ៕

ប្រភព៖ GiveMeSport