ក្ដុកក្ដួលណាស់! បើប្រៀបធៀបគ្រាប់បាល់ ជាមួយនឹងការស៊ុតរបស់ Real Madrid ពេលប៉ះ Galatasaray

Real Madrid រកបានតែមួយគ្រាប់ប៉ុណ្ណោះ នៅក្នុងការប្រកួតទល់នឹង Galatasaray នៅក្នុងវគ្គចែកពូល Champions League បន្ទាប់ពីពួកគេអាចស៊ុតបាន ២៧លើក ហើយចំគោលដៅបាន១៣លើក។

អ្នកចាំទីFernando Muslera របស់ក្រុមតួរគី បានសង្គ្រាះបាល់មិនច្រើនលើកនោះទេ ប៉ុន្ដែអ្វីដែលធ្វើឲ្យកីឡាកររបស់ក្រុមអធិរាជស ខកខានក្នុងការរកគ្រាប់បាល់នោះគឺ ពួកគេមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបញ្ចប់ទី។

ឱកាសដ៏ធំបំផុតរបស់ក្រុមដែលដឹកនាំដោយលោក Zinedine Zidane គឺនៅបន្ទាប់ពីគ្រាប់បាល់ដែលរកបានដោយ Toni Kroos នៅពេលដែល Eden Hazard ញាក់ដាច់អ្នកចាំទីគូប្រកួត ប៉ុន្ដែបែជាស៊ុតបុករបារទី ទោះបីជាគ្មានអ្នកនៅរារាំងក្ដី។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុត នៅក្នុងការប្រកួតនោះគឺ កីឡាករសឹងតែគ្រប់គ្នាយ៉ាងហោចណាស់អាចស៊ុតបានម្ដងនៅក្នុងការប្រកួត ដោយលើកលែងតែ អ្នកចាំទី Thibaut Courtois និងខ្សែការពារកណ្ដាល Raphael Varane & Sergio Ramos។

សំរាប់រដូវកាលនេះ Real Madrid មានឱកាសស៊ុតបាន ២១២លើក នៅក្នុងចំណោម១២ប្រកួត ដោយមានតែ៧៦លើកប៉ុណ្ណោះដែលស៊ុតចំគោលដៅ ប៉ុន្ដែគ្រាប់បាល់ដែលរកបានមានតែ ១៩គ្រាប់ប៉ុណ្ណោះ៕

 

ប្រភព៖ Marca