ក្តៅ! ក្លឹបកំពូលមួយឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ១០០ លានផោន សម្រាប់ Ronaldo ទីពីរ

យោងតាមរបាយការណ៍ពីអេស្ប៉ាញបានឱ្យដឹងថាក្លឹប Atletico Madrid បានឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ 100 លានផោនជាមួយនឹងក្រុម Benfica ដើម្បីចុះហត្ថលេខាលើកីឡាករ Joao Felix ។

គួរបញ្ជាក់ថា Felix បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបកំពូលៗជាច្រើន នៅរដូវក្តៅនេះ រួមទាំងក្លឹប Manchester United, Manchester City និង Liverpool របស់ក្របខណ្ឌ Premier League ផងដែរ ។

ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់វ័យ 19 ឆ្នាំរូបនេះ ហាក់ដូចជាចាប់អារម្មណ៍ក្នុងការផ្ទេរទៅលេងនៅក្របខណ្ឌ La Liga ជាង ជាមួយនឹងក្រុម Atletico Madrid ដែលដឹកនាំដោយគ្រូបង្វឹកលោក Diego Simeone ។

យ៉ាងណាមិញក្លឹប Atletico Madrid ត្រូវបានគេឲ្យដឹងថាកំពុងត្រៀមរៀបចំ សម្រាប់ជីវិតដោយគ្មានវត្តមានកីឡាករ Antoine Griezmann បន្ទាប់ពីកីឡាករសញ្ជាតិបារាំងរូបនេះបានប្រកាសពីគោលបំណងរបស់ខ្លួនក្នុងការចាកចេញពីក្លឹបនៅរដូវក្តៅនេះ​ ។

លើសពីនេះបើយោងតាមការបោះពុម្ភផ្សាយរបស់ Marca បានរាយការណ៍ថាក្លឹប Atletico Madrid បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Benfica ហើយ ដើម្បីចុះហត្ថលេខាលើ Felix  ៕

ប្រភព: Mirror