ក្តៅ! ក្លឹបមួយនៅលីគកំពូលអឺរ៉ុប កំពុងតាមប្រមាញ់ ‘Messi ថៃ’

ខ្សែ​បម្រើ​ប្រយុទ្ធ Chanathip Songkrasin រហ័ស​នាម ‘Messi ថៃ’ ត្រូវ​បាន​គេ​រាយការណ៍​ថា​ក្លឹប​ឈរ​ចំណាត់ថ្នាក់​ទី ១៦ នៅ​ក្របខ័ណ្ឌ Bundesliga របស់​អាល្លឺម៉ង់​គឺ VfB Stuttgar ​កំពុង​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​ថៃ​រូប​នេះ​ឲ្យ​ទៅ​ចូលរួម​នៅ​ក្លឹប​របស់​ខ្លួន​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

ផ្អែក​តាម​សារព័ត៌មាន Matichon Online បាន​ចុះ​ផ្សាយ​ថា​កីឡាករ​វ័យ ២៥ ឆ្នាំ ដែល​សព្វថ្ងៃ​លេង​នៅ​ក្លឹប Consadole Sapporo របស់​ក្របខ័ណ្ឌ J-League ទំនង​ជា​នឹង​ត្រូវ​បាន​ក្លឹប​អាល្លឺម៉ង់​ខាង​លើ​ដែល​ចាត់ការ​ដោយ​លោក Nico Willij ​សម្លឹង​ចង់​ទិញ​ផ្តាច់​ឬ​អាច​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លឹប​ជប៉ុន។

រំឭក​ថា Chanathip បាន​ចុះ​ហត្ថលេខា​លើ​ព្រមព្រៀង​ថ្មី​ជាមួយ​ Consadole នា​ខែ​កក្កដា ឆ្នាំ ២០១៨ ដែល​ជា​កិច្ច​ព្រមព្រៀង​ខ្ចី​ជើង​ចេញ​ពី​ក្លឹប Muangthong United ដែល​កំពុង​ធ្លាក់​ទម្រង់​លេង​ខ្លាំង​មិន​ធ្លាប់​មាន​នៅ​ក្របខ័ណ្ឌ​លីគ​កំពូល​ថៃ។

ប្រភព:FoxSportAsia