ក្រុមគីឡូធ្ងន់ Juventus, AC Milan និង Lazio ឡើងវគ្គ១/៤ផ្ដាច់ព្រ័ត្រ Coppa Italia

ក្រុមការពារជើងឯក​ Juventus បានយកឈ្នះ Bologna ក្នុងលទ្ធផល ២-០ ហើយបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពាន Coppa Italia។

ខ្សែប្រយុទ្ធ Federico Bernardeschi បានរកគ្រាប់បាល់បើកឆាកអោយក្រុមរបស់លោក Massimilliano Allegri បន្ទាប់ពីអ្នកចាំទី Angelo da Costa និង កីឡាករ Arturo Calabresi របស់ Bologna ហាក់លេងមិនយល់ចិត្តគ្នា ហើយ កីឡាករវ័យ ១៨ឆ្នាំ Moise Kean រកបានគ្រាប់បាល់ទី២ បន្ទាប់ពីតង់ទី២ ចាប់ផ្តើមបានបីនាទី។

គួរបញ្ជាក់ថា ក្រុមសេះបង្កង់អាចធានាជ័យជំនះរបស់ខ្លួន បើទោះបីជាតារាឆ្នើម Cristiano Ronaldo, Paulo Dybala និង Blaise Matuidi ត្រូវអង្គុយកៅអីបម្រុងនៅកីឡដ្ឋាន Stadio Renato Dall’Ara ក៏ដោយ។

ប៉ុន្ដែយ៉ាងណាក្ដី Ronaldo ត្រូវបានប្ដូរចូលជំនួស អ្នកដែលរកបានគ្រាប់បាល់ទី២ Kean នៅនាទីទី៦២ មុនពេលដែល Dybala ប្ដូរចូលជំនួស Douglas Costa នៅពេលដែលការប្រកួតនៅសល់តែ១៣នាទីចុងក្រោយ។

ក្រុមលេខ៤ក្នុងតារាងលីគកំពូលអ៊ីតាលី Lazio ក៏មានឱកាសឡើងទៅវគ្គ១/៤ផ្ដាច់ព្រ័ត្រផងដែរ បន្ទាប់ពីពួកគេបានលត់ក្រុម មកពីលីគលំដាប់ទី៣ Novara ក្នុងលទ្ធផល ៤-១។

ខ្សែបម្រើ Luis Alberto រកគ្រាប់បាល់បើកឆាកអោយក្រុមម្ចាស់ផ្ទះ មុនពេលដែល តារាឆ្នើម Ciro Immobile រកបានពីរគ្រាប់បន្ថែម ហើយ   Sergej Milinkovic-Savic រកបានគ្រាប់ទី៤ មុនចប់តង់ទី១។ យ៉ាងណាក្ដី ក្រុមភ្ញៀវអាចវាយបកមួយគ្រាប់វិញ ដោយបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពីបាល់ប៉ះដៃ ខ្សែការពារ Luiz Felipe នៅតំបន់គ្រោះថ្នាក់។

ចំណែកឯ AC Milan ក៏បានឈានជើងចូលវគ្គ ៨ក្រុមផងដែរ បន្ទាប់ពី ខ្សែប្រយុទ្ធ Patrick Cutrone រកបានពីរគ្រាប់នៅម៉ោងបន្ថែម ក្នុងការប្រកួតទល់នឹងក្រុម Dampdoria បន្ទាប់ពីការប្រកួតបញ្ចប់៩០នាទីដោយគ្មានគ្រាប់បាល់៕