ក្រុមប្រឹក្សាភិបាលក្លឹប Man Utd ធ្វើការសម្រេចថានរណានឹងមកដឹកនាំក្រុមពេញសិទ្ធនៅរដូវកាលក្រោយនេះ

យោងតាមរបាយការណ៍មួយបានឱ្យដឹងថាក្រុមប្រឹក្សាភិបាលរបស់ក្រុម Manchester United បានសម្រេចចិត្តតែងតាំង Ole Gunnar Solskjaer ជាអ្នកចាត់ការទូទៅពេញសិទ្ធថ្មី នៅចុងបញ្ចប់រដូវកាលនេះ ។

ជាក់ស្តែងគ្រូបង្វឹកសញ្ជាតិន័រវែសដែលបានជំនួសលោក Jose Mourinho ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ននោះបានទទួលជោគជ័យក្នុងការចាប់ផ្តើមអាជីពរបស់លោកនៅទឹកដី Old Trafford ដោយទទួលជ័យជម្នះ 10 លើកក្នុងចំណោម 11 ប្រកួត ខណៈដែល Man Utd បានផ្លាស់មកឈរនៅក្រុមកំពូលទាំង 4 នៃតារាងក្របខ័ណ្ឌ Premier League ។

ហើយយ៉ាងណាមិញកាសែត The Sun បានរាយការណ៍ថាក្រុម Man Utd បានធ្វើការសម្រេចចិត្តដោយបានកំណត់ថាលោក Solskjaer គឺជាបុរសដ៏ល្អឥតខ្ចោះសម្រាប់ការងារនេះ ហើយនឹងប្រគល់ឱ្យគាត់នូវកិច្ចសន្យារយៈពេលវែងមួយ ។

មិនតែប៉ុណ្ណោះវាត្រូវបានគេលើកឡើងថាកលោក Solskjaer ត្រូវតែផ្តួលក្រុម PSG នៅក្នុងក្របខ័ណ្ឌ Champions League ដើម្បីបង្ហាញពីសមត្ថភាពពិតប្រាកដរបស់លោក ប៉ុន្តែក្រុមប្រឹក្សារបស់ក្រុម Man United យល់ថាលទ្ធផលនៃការដឹកនាំក្រុមរបស់គាត់កន្លងមកគឺគ្រប់គ្រាន់រួចទៅហើយ បើទោះបីជាការសម្រេចចិត្តនេះនៅតែមិនទាន់ត្រូវបានប្រកាសរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះក៏ដោយ ។

គួរបញ្ជាក់ផងដែរថាក្រុម Man Utd ក៏បានដាក់ជម្រើសផ្សេងៗទៀតផងដែរសម្រេចដំណែងនេះ ដែលមានដូចជាលោក Pochettino និង Zinedine Zidane ប៉ុន្តែទោះជាយ៉ាងណាប្រធានក្លឹបលោក Joel និង Avram Glazer ជឿជាក់ថា Solskjaer គឺជាមនុស្សដ៏ត្រឹមត្រូវដើម្បីដឹកនាំក្លឹបនេះ ៕

ប្រភព: Metro