ក្រុមម្ចាស់ផ្ទះ អារ៉ាប់រួម ត្រូវរងពិន័យ ១៥ម៉ឺនដុល្លារ ដោយសារអ្នកគាំទ្រ ក្រោយចាញ់កាតានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Asian Cup

សហព័ន្ធអារ៉ាប់រួម ត្រូវបានពិន័យជាទឹកប្រាក់ ១៥ម៉ឺនដុល្លារ និង ត្រូវប្រកួតបិទកីឡដ្ឋាន ដោយគ្មានអ្នកគាំទ្រចូលរួមទស្សនា បន្ទាប់ពី អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ បានគប់ស្បែកជើង និង ដបទឹកទៅកីឡាករក្រុមកាតា ក្រោយក្រុមម្ចាស់ផ្ទះត្រូវបរាជ័យ នៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Asian Cup។

ក្រុមម្ចាស់ផ្ទះអារ៉ាប់រួមបានបរាជ័យ ក្នុងលទ្ធផល ៤-០ កាលពីខែមករាកន្លងទៅ ដែលធ្វើអោយអ្នកគាំទ្រពួកគេមានការខឹងសម្បារ ហើយបានគប់ដបទឹក និង ស្បែកជើងទៅលើកីឡាករ ក្រុមកាតា ដែលបានក្លាយជាម្ចាស់ពានក្នុងព្រឹត្តិការណ៍ប្រកួតនោះ។

បន្ទាប់ពីត្រូវរងពិន័យ ជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រុមអារ៉ាប់ ត្រូវប្រកួតជម្រុះ Asian Cup 2023 នៅក្នុងទឹកដីរបស់ខ្លួន ដោយមិនអនុញ្ញាតអោយអ្នកគាំទ្រចូលរួមទស្សនា នេះបើតាមសេចក្ដីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ៕

ប្រភព៖ Be Soccer