ក្រោយទិញបាន Militao លោក Zidane បង្ហើបកីឡាករពីររូបទៀត ដែលអាចជាអ្នកបន្ទាប់

ក្រោយពីបានធ្វើការផ្លាស់ប្តូរជាផ្លូវការសម្រាប់ខ្សែការពារ Eder Militao លោក Zinedine Zidane បានបង្ហើបពីកីឡាករគោលដៅរបស់ ២ រូបទៀត ដើម្បីនាំមកកាន់ក្រុម Real Madrid ផងដែរ ។

ជាក់ស្តែងលោក Zidane បានវិលត្រលប់មកកាន់តំណែងជាគ្រូបង្វឹករបស់ក្រុម Madrid វិញកាលពីថ្ងៃចន្ទ ខណៈដែលគាត់បានចូលមកជំនួសលោក Santiago Solari នៅឯកីឡដ្ឋាន Bernabeu ។

ហើយយ៉ាងណាមិញនៅក្នុងពេលឥឡូវនេះលោក Zidane បានសំលឹងឃើញកីឡាករពីររូបបន្ថែមទៀត ខណៈដែលគាត់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការរៀបចំក្រុមសារឡើងវិញ នៅក្នុងរដូវកាលដោះកីឡាករនារដូវក្តៅខាងមុខ ។

 

មិនតែប៉ុណ្ណោះខ្សែប្រយុទ្ធ Nabil Fekir និងកីឡាករ Sergej Milinkovic-Savic គឺជាគោលដៅបន្ទាប់របស់គ្រូបង្វឹកសញ្ជាតិបារំាងរូបនេះ ។ ដោយ Fekir ត្រូវបានមើលឃើញដោយោក Zidane ថាជាកីឡាករដែលមានសក្តានុពលមួយ មកជំនួសកីឡាករ Christiano Ronaldo ។

ចំណែកឯខ្សែបម្រើក្លឹប Lazio កីឡាករ Milinkovic-Savic ធ្លាប់ត្រូវបានគេនិយាយជាគោលដៅរបស់ក្លឹបកំពូលៗជាច្រើនដូចជាក្លឹប Man Utd, Inter Milan និង Juve ប៉ុន្តែក្រុម Real Madrid បានត្រៀមខ្លួនរួចរាល់ ប្រជែងដើម្បីចុះហត្ថលេខាលើកីឡាកររូបនេះ ៕

ប្រភព: Mirror