ក្រោយ​ដឹង​ស្ថានភាព​របួស​របស់ Asensio ល្មម​ឲ្យ​អ្នក​គាំទ្រ​ស្លុត​ចិត្ត​មិន​ស្ទើរ

តារា​ឆ្នើម Marco Asensio ​បាន​ជួប​បញ្ហា​របួស​ធ្ងន់ធ្ងរ​ក្នុង​ការ​ប្រកួត​ទល់​នឹង​កាំភ្លើង​ធំ Arsenal កាល​ពី​ព្រឹក​មិញ​នេះ បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ​នឹង Aubameyang ​អំឡុង​ការ​លេង​នៅ​តង់​ទី​ពីរ។ ភ្លាមៗ Asensio ត្រូវ​លើក​ដាក់​រថយន្ត​សង្រ្គោះ​បន្ទាន់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រោយ​មើល​ឃើញ​ពី​ស្ថានភាព​ធ្ងន់ធ្ងរ។

ការ​សម្រក់​ទឹកភ្នែក​របស់ Asensio ក្រៅ​ពី​ឈឺចាប់​នឹង​របួស​ដែល​បាន​កើត​ឡើង ទៀត​សោត​គឺ​បារម្ភ​នឹង​ការ​បាត់បង់​ឱកាស​បង្ហាញ​ខ្លួន​លើ​ទីលាន ស្រប​ពេល​ដែល​រដូវ​កាល​ចាស់​ខ្លួន​ក៏​ខកខាន​អស់​មួយ​រយៈ​ទៅ​ហើយ​នោះ។

តាម​របាយការណ៍​ចុង​ក្រោយ​បង្អស់​គ្រប់​បណ្តា​សារព័ត៌មាន​តូច​ធំ​បាន​ចុះ​ផ្សាយ​ Asensio ​បាន​ជួប​របួស​ដាច់​សរសៃ​ពួរ​ក្បាល​ជង្គង់ (ACL) ដោយ​របួស​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​យូរ​ដល់​ខ្ទង់ ៦ ទៅ ៩ ខែ ពោល​គឺ​ពេញ​មួយ​រដូវ​កាល ២០១៩/២០ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​អាច​នឹង​ខកខាន​ការ​ប្រកួត​ទាំង​ស្រុង។

សារ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ផ្ទៀងផ្ទាត់​ពី​ចម្លើយ​ច្បាស់ការ​របស់​ក្រុម​គ្រូពេទ្យ ប៉ុន្តែ​ប្រសិន​ណា​ជា​ការ​ពិត​មែន​នោះ អនាគត​របស់​កីឡាករ​វ័យ ២៣ ឆ្នាំ​អាច​នឹង​លំបាក​ក្នុង​ការ​ទស្សន៍ទាយ​បន្តិច។ ប្រភព៖ Mirror