ក្រោយ Munir ចាកចេញ Barcelona ចាប់អារម្មណ៍ជម្រើសខ្សែប្រយុទ្ធពីររូបនៅលីគអង់គ្លេស

ក្រោយការចាកចេញរបស់ខ្សែប្រយុទ្ធ Munir El Haddadi ធ្វើអោយ Barcelona នៅសល់តែ Luis Suarez តែម្នាក់គត់នៅក្នុងតំណែង ខ្សែប្រយុទ្ធកណ្ដាល ដែលធ្វើអោយលោក Ernesto Valverde ត្រូវស្វែងរកខ្សែប្រយុទ្ធមួយរូបទៀតជាបន្ទាន់។

Ousmane Dembele បានទទួលតំណែងកីឡាករលេខ៩របស់ក្រុម កាលពីពាក់កណ្ដាលសប្ដាហ៍កន្លងទៅ នៅក្នុងការប្រកួតទល់នឹង Levante ខណៈដែលរូបគេ លេងបានល្អនៅក្នុងតំណែងនេះ ប៉ុន្ដែ វាមិនមែនជាអ្វីដែលលោក Valverde ចង់បាននោះទេ សំរាប់ការប្រកួតបន្ដបន្ទាប់នាពេលខាងមុខ។

អ្នកចាត់ការក្លឹបរូបនេះ បានស្នើសុំក្លឹប ស្វែងរកខ្សែប្រយុទ្ធមួយរូបទៀតជាបន្ទាន់ ហើយ កីឡាករ Alvaro Morata របស់ក្លឹប Chelsea និង កីឡាករ Fernando Llorente របស់ Tottenham ជាជម្រើសដែលក្លឹបកំពុងពិចារណា។

Morata ជាកីឡាករដែលស៊ីប្រាក់ខែថ្លៃនៅលីគកំពូលអង់គ្លេស ហើយ Barcelona មិនមានបំណងចង់បានខ្សែប្រយុទ្ធ ដែលលេងជម្រើសដំបូងនោះទេ គឺគ្រាន់តែទុកជំនួស Luis Suarez ម្ដងម្កាលប៉ុណ្ណោះ ហើយ ហើយកីឡាករនៅក្នុងក្លឹបហាក់មិនសូវពេញចិត្ត ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះឡើយ ដោយសារតែរូបគេធ្លាប់ជាកីឡាករ Real Madrid។

ដោយឡែក Llorente ដែលជាអតីតកូនក្រុមរបស់លោក Valverde កាលនៅ Athletic Club ក៏ជាជម្រើសសំរាប់ Barca ផងដែរ ប៉ុន្ដែបញ្ហាត្រង់ថា តើគេអាចសម្របនឹងរបៀបលេងរបស់ ក្លឹបកាតាឡាន់បានឬយ៉ាងណា៕

ប្រភព៖ Marca