ក្រៅពី Real & Barca មានក្លឹបមួយនៅក្រៅអឺរ៉ុប ធ្លាប់ចង់បាន Neymar ទៅចូលរួម ៦ខែ

អនាគតរបស់ Neymar គឺជារឿងធំមួយសំរាប់ការដោះដូរនារដូវក្ដៅនេះ។ ខ្សែប្រយុទ្ធប្រេស៊ីល មានបំណងក្នុងការចាកចេញពីក្លឹប Paris Saint-Germain ហើយត្រលប់ទៅអេស្ប៉ាញវិញ ហើយគោលដៅធំបំផុតរបស់គេគឺចង់រួមរស់ ជាមួយនឹងអតីតក្លឹប Barcelona។

អ្នកគាំទ្របាល់ទាត់ភាគច្រើន ក៏ដឹងផងដែរថា ក្រៅពីក្លឹបអ្នកមានបុណ្យក៏នៅមាន Real Madrid ដែលចាប់អារម្មណ៍ចង់បានកីឡាករវ័យ ២៨ឆ្នាំរូបនេះ ប៉ុន្ដែ ក៏មានជម្រើសទី៣ មួយទៀតដែលចង់ដាក់សំណើទៅកាន់ PSG។

ប្រធានក្លឹបប្រេស៊ីល Santos លោក Jose Carlos Peres បានទំលាយថា លោកបានព្យាយាមបញ្ចុះបញ្ចូលក្លឹបបារាំង ក្នុងការនាំយកអតីតកីឡាកររបស់ក្លឹបរូបនេះត្រលប់ទៅវិញ ជាមួយនឹងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយខែ។

លោក Peres បានថ្លែងប្រាប់ Globo Esporte ថា៖ “វាជារឿងដែលអាចទៅរួច។ តាមពិតវាជារឿងដែលស្មុគស្មាញ ប៉ុន្ដែ វាក៏ជាជម្រើសផងដែរ។ យើងបានព្យាយាមចង់បានរូបគេមកទីនេះរយៈពេល ៦ខែ រហូតដល់ខែធ្នូ។ យើងបាននិយាយជាមួយនឹងអ្នកដែលនៅជិតស្និទ្ធជាមួយឪពុករបស់គេ ប៉ុន្ដែ វាមិនអាចធ្វើទៅបាននោះទេ។”

គួររំលឹកថា មុនផ្លាស់មកកាន់ក្លឹបអ្នកមានបុណ្យ Neymar បានសាងភាពលេចធ្លោកាលនៅជាកីឡាករក្រុម Santos ដោយរូបគេរកគ្រាប់បាល់បាន ៧០គ្រាប់ និង ៣៥ assist សំរាប់ការបង្ហាញខ្លួន ១៣៤ប្រកួត អោយក្លឹបប្រេស៊ីល៕

ប្រភព៖ SPORT