ក្លឹបកំពូលមួយនៅអឺរ៉ុបបោះបង់ការចង់បាន ខ្សែប្រយុទ្ធ Timo Werner របស់ក្លឹប RB Leipzig

Inter Milan បានបោះបង់ឱកាសចង់បានខ្សែប្រយុទ្ធ Timo Werner បន្ទាប់ពីទទួលបានដំណឹងថា ខ្សែប្រយុទ្ធអាល្លឺម៉ង់រូបនេះ នឹងមិនមានបំណងចង់ចូលរួមជាមួយពួកគេឡើយ។

Werner ទទួលបានការចាប់អារម្មណ៍សម្រាប់ការបង្ហាញទម្រង់លេងល្អនៅ Bundesliga និង Champions League ជាមួយនឹងក្រុម RB Leipzig នៅក្នុងរដូវកាលនេះ។

Inter ជាក្លឹបមួយចាប់អារម្មណ៍ចង់បាន Werner ទៅចូលរួម បានបោះបង់ការចង់បានរបស់ពួកគេ នេះបើតាមការបញ្ជាក់របស់ប្រធានផ្នែកកីឡាលោក Piero Ausilio។

លោកបាននិយាយថា៖ “យើងតែងតែពេញចិត្តរូបគេ ប៉ុន្ដែគេនឹងមិនមកចូលរួមជាមួយយើងឡើយ។ ខ្ញុំដឹងពីហេតុផលជាច្រើន ផ្សេងៗពីគ្នា។ ខ្ញុំដឹងពីគំនិតរបស់កីឡាករ និង អ្នកនៅជុំវិញខ្លួនរបស់គេ។ វាជាការពិតដែលគេនៅជាប់កុងត្រា(ជាមួយ Leipzig) ប៉ុន្ដែគេនឹងមិនមកទីនេះឡើយ។”

ប្រភព៖ Live Score

អានអត្ថបទបន្ទាប់៖ ក្រោយសាងភាពលេចធ្លោនៅ Bundesliga ខ្សែបម្រើម្នាក់ ចង់ទទួលបានឱកាស​លេងទៀងទាត់នៅ Liverpool

ខ្សែបម្រើ Marko Grujic បាននិយាយថា រូបគេនឹងមិនបោះបង់ក្ដីស្រមៃ ក្នុងការក្លាយជាកីឡាករដែលលេងនៅក្នុងជម្រើស១១នាក់ដំបូងរបស់ក្រុម Liverpool នោះទេ ខណៈដែលកីឡាកររូបនេះ កំពុងបង្ហាញទម្រង់លេងល្អជាមួយនឹងក្លឹប Hertha Berlin។

កីឡាករវ័យ២៤ឆ្នាំ បានផ្ទេរមកចូលរួមជាមួយ Liverpool នៅក្នុងឆ្នាំ ២០១៦ ប៉ុន្ដែបានបង្ហាញខ្លួនតែ ១៤ប្រកួតប៉ុណ្ណោះសម្រាប់ក្រុម ដែលដឹកនាំដោយគ្រូបង្វឹក Jurgen Klopp។

ដោយសារចង់ទទួលបានឱកាសចូលលេងបានទៀងទាត់ ខ្សែបម្រើសញ្ជាតិស៊ែបីបានសម្រេចផ្ទេរមកកាន់ក្លឹប Hertha Berlin ក្នុងកិច្ចសន្យាខ្ចីជើង២រដូវកាល ហើយរូបគេបានបង្ហាញវត្តមាន៤៨ប្រកួតនៅលើទីលានក្នុងលីគកំពូលអាល្លឺម៉ង់។

Grujic បាននិយាយថា៖ “ខ្ញុំនៅតែជាកីឡាករក្លឹប Liverpool ហើយថ្ងៃណាមួយ ខ្ញុំចង់ក្លាយជាកីឡាករដែលលេងបានទៀងទាត់។ សម្រាប់ខ្ញុំវានៅតែជាក្ដីសុបិន ក្នុងការលេងសម្រាប់ក្លឹប ដូច្នេះយើងរក្សាទំនាក់ទំនងជាមួយគ្នា។”

ប្រភព៖ Goal