ក្លឹបចិនត្រៀមបន្ដកុងត្រាថ្មីសម្រាប់ Ighalo ក្រោយខ្សែប្រយុទ្ធរូបនេះ លេងបានល្អក្នុងការប្រកួតឲ្យ Man United

ក្លឹបចិន Shanghai Shenhua បានផ្ដល់សំណើបន្ដកុងត្រាបន្ថែម២ឆ្នាំទៅឲ្យខ្សែប្រយុទ្ធ Odion Ighalo ដែលពួកគេបានដាក់ឲ្យ Manchester United ខ្ចីជើង កាលពីចុងខែមករាកន្លងទៅ ដោយផ្ដល់ប្រាក់ពលកម្ម ៤០ម៉ឺនផោន(៤៨,៧ម៉ឺនដុល្លរ)ក្នុងមួយសប្ដាហ៍។

ក្លឹបរបស់ប្រទេសចិន ចង់លើកទឹកចិត្តកីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះ ក្រោយពេលដែលរូបគេបង្ហាញទម្រង់លេងល្អនៅ Man United ដោយរកគ្រាប់បាល់បាន៤គ្រាប់ ក្នុងការបង្ហាញវត្តមាន៣ប្រកួតដំបូង ក្នុងជម្រើស១១នាក់។

កុងត្រាខ្ចីជើងរបស់ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ ជាមួយក្លឹបបិសាចក្រហម នឹងត្រូវផុតកំណត់នៅថ្ងៃទី ៣១ ខែឧសភាខាងមុខនេះ ប៉ុន្ដែ បើតាមការរាយការណ៍របស់ Sky Sports កាលពីថ្ងៃចន្ទនេះ បានឲ្យដឹងថា កុងត្រានេះ នឹងនៅបន្ដរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ព្រោះតែការរាតត្បាតនៃកូរ៉ូណាវីរុស។

គួរបញ្ជាក់ថា កុងត្រាបច្ចុប្បន្នរបស់ Ighalo នឹងត្រូវផុតកំណត់នៅ ខែធ្នូឆ្នាំ ២០២២ ហើយក្លឹប Shanghai ចង់ឲ្យខ្សែប្រយុទ្ធរូបនេះ នៅជាកីឡាកររបស់ពួកគេរហូតដល់ឆ្នាំ ២០២៤។

សម្រាប់កុងត្រាថ្មីនេះ អាចធ្វើឲ្យ Ighalo រកចំណូលបាន ៤០ម៉ឺនផោនក្នុងមួយសប្ដាហ៍(ដោយពុំទាន់កាត់ពន្ធ) ដែលជារឿងមួយកីឡាកររូបនេះមានការពិបាកសម្រេចចិត្ត៕

ប្រភព៖ Sky Sports