ក្លឹបជើងខ្លាំងនៅអង់គ្លេស កំពុងចាប់អារម្មណ៍នាំយក Dybala ពី Juventus

អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola ត្រូវបានគេរាយការណ៍ថា បានបញ្ជូននាយកប្រតិបត្តិ Ferran Soriano ដើម្បីឃ្លាំមើល ទម្រង់លេងរបស់ខ្សែប្រយុទ្ធ Paulo Dybala ចាប់តាំងពីខែមុន។

ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះ ហាក់លេងមិនសូវបានល្អនោះទេសំរាប់ Juventus នៅក្នុងរដូវកាលនេះ ដោយរកគ្រាប់បាល់បានតែ ៧គ្រាប់ និង assist ៦លើក ក្នុងការបង្ហាញខ្លួន ២៨ប្រកួតសំរាប់ក្លឹបនៅក្នុងរដូវកាលនេះគ្រប់ការប្រកួតពានរង្វាន់ទាំងអស់។

ទោះយ៉ាងណាក៏ដោយ លោក Guardiola បានបញ្ជូនអ្នកឃ្លាំមើលកីឡាករ មានការយកចិត្តទុកដាក់ចំពោះខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ នៅក្នុងការប្រកួតរវាង Juve ទល់នឹងក្រុម Lazio កាលពីថ្ងៃទី២៧ ខែមករាកន្លងមក នេះបើតាមកាសែតអ៊ីតាលី Tuttosport។

ហើយបើយោងតាមប្រភពខាងលើ ក្លឹបអ៊ីតាលីចង់បាន ១២០លានអឺរ៉ូ ប្រសិនបើក្លឹបការពារជើងឯកលីគកំពូលអង់គ្លេសចង់នាំយក Dybala ចាកចេញពីទីក្រុងទូរីន ប៉ុន្ដែកាលពីថ្ងៃអង្គារនេះ ប្រធានផ្នែកកីឡាករ Fabio Paratici បានអះអាងថា ខ្សែប្រយុទ្ធរូបនេះ នៅតែដើរតួសំខាន់សំរាប់ក្លឹបអ៊ីតាលី៕

ប្រភព៖ Football Italia