ក្លឹបធំនៅអុីតាលីមួយត្រៀមផ្តល់ជូនកីឡាករពួកគេពីររូប ដល់ក្រុម Arsenal ដើម្បីចុះហត្ថលេខាលើ Torreira វិញ

ក្រុម AC Milan កំពុងតែត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ជូនកីឡាកររបស់ពួកគេពីររូប នៅក្នុងកិច្ចសន្យាដោះដូរមួយ សម្រាប់កីឡាករ Lucas Torreira ខណ:ដែលការចុះហត្ថលេខាមួយនេះអាចសម្រេចទៅបាន គឺអាស្រ័យលើក្រុម Arsenal អាចរកអ្នកថ្មីមកជំនួសកន្លែងរបស់កីឡាកររូបនេះបានជាមុនសិន ។

ជាក់ស្តែងបើទោះបីជាកីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះហាក់មិនបានចាប់អារម្មណ៍លើការផ្លាស់ប្តូរមួយចេញពីទឹកដី Emirates ក៏ដោយ ប៉ុន្តែរូបគេធ្លាប់បានបង្ហើបឲ្យដឹងថាមានគម្រោងចង់វិលត្រលប់ទៅកាន់ទឹកដីអុីតាលីវិញ ដើម្បីបានលេងក្រោយការដឹកនាំរបស់គ្រូបង្វឹកលោក Marco Giampaolo នៅទឹកដី San Siro ។

ប៉ុន្តែទោះជាយ៉ាងណាក្រុម Arsenal រំពឹងថានឹងទទួលបានប្រាក់ចំណេញច្រើនជាង 26 លានផោន ខណ:នេះគឺជាតម្លៃ ដែលពួកគេបានបង់សម្រាប់ចុះហត្ថលេខាលើ Torreira កាលពីរដូវក្តៅមុន ប្រសិនបើពួកគេត្រូវអនុញ្ញាតឱ្យរូបគេចាកចេញនោះ ហើយក្រុម AC Milan ជួបការលំបាក ចំពោះការទាមទារតម្លៃនោះ ។

មិនតែប៉ុណ្ណោះបើយោងទៅតាមកាសែតអ៊ីតាលី Gazzetta dello Sport បានឲ្យដឹងថាក្លឹបនៅអ៊ីតាលីមួយនេះមានបំណងដាក់បញ្ចូលកីឡាកររបស់ពួកគេពីររូប នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលត្រូវបានគេយល់ថាអាចជាកីឡាករ Franck Kessie និង Ricardo Rodriguez សម្រាប់នាំយក Torreira  មកវិញ ៕

ប្រភព: Metro