ក្លឹបនៅ Premier League មួយទៀតហើយ ចូលខ្លួនចង់សុំខ្ចីជើងតារាឆ្នើមម្នាក់របស់់ក្លឹប R.Madrid

ក្រុមចចកខ្មៅ Wolves និង Real Madrid កំពុងស្ថិតនៅក្នុងការចរចារ អំពីកិច្ចព្រមព្រៀងមួយ ដើម្បីនាំយកខ្សែការពារ Jesus Vallejo មកកាន់ទឹកដី Molineux ។

ជាក់ស្តែងវាត្រូវបានគេយល់ថាក្រុម Wolves កំពុងតែសម្លឹងរកមើលការស្នើសុំលក្ខខណ្ឌខ្ចីជើងសម្រាប់កីឡាករវ័យ 22 ឆ្នាំរូបនេះ នៅរដូវកាលនេះ ខណ:ដែលវានឹងក្លាយជាការខ្ចីជើងលើកទី 3 នៃអាជីពរបស់ខ្សែការពាររូបនេះរហូតមកដល់ពេលបច្ចុប្បន្ន ។

គួរបញ្ជាក់ថាកីឡាករ Vallejo បានចូលរួមជាមួយក្លឹប Los Blancos ក្នុងឆ្នាំ 2015 នៅលើកិច្ចសន្យារយៈពេលប្រាំមួយឆ្នាំ ប៉ុន្តែឱកាសនៅក្នុងក្រុមដំបូងរបស់គេមានការលំបាកខ្លាំង ដោយបានបង្ហាញខ្លួនត្រឹមតែ 7 ប្រកួតប៉ុណ្ណោះ ដោយសាររបួស ។

យ៉ាងណាមិញគ្រូបង្វឹកក្រុម Wolves លោក Nuno Espirito Santo សង្ឃឹមថាការចុះហត្ថលេខាខ្សែការពារ Vallejo នឹងជួយពង្រឹងបន្ថែមទៀតនូវតំបន់ការពាររបស់ក្រុមរបស់លោក បន្ទាប់ពីមានរដូវកាលទី 1 ដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងក្របខ័ណ្ឌ Premier League ៕

ប្រភព: Daily Mail