ក្លឹបមួយនៅអេស្ប៉ាញ បដិសេធការចង់បានខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេ ពីក្លឹប Barcelona

ក្លឹបអេស្ប៉ាញ Real Betis បានច្រានចោលការចង់បានកីឡាករ Loren Moron ពីក្លឹប Barcelona ដែលកំពុងស្វែងរកកីឡាករ ចូលរួមនៅក្នុងតំបន់ប្រយុទ្ធ ខណៈកីឡាករដែលមានស្រាប់កំពុងសំរាកព្យាបាលរបួស នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹក Rubi របស់ក្រុម Betis។

ក្លឹបអ្នកមានបុណ្យកំពុងប្រឈមនូវបញ្ហាកង្វះកីឡាករនៅតំបន់ប្រយុទ្ធ បន្ទាប់ពីបានបញ្ជាក់ថា Ousmane Dembele ត្រូវអវត្តមានរយៈពេល៦ខែ ក្រោយវ៉ះកាត់របួស ខណៈដែល Luis Suarez ក៏មិនទាន់អាចចូលរួមក្រុមបាននៅឡើយ។

ហើយលោក Rubi បានអះអាងថា Barca មានបំណងចង់បាន Loren ប៉ុន្ដែមិនទទួលជោគជ័យ ដោយក្លឹប Betis មិនព្រមឲ្យកីឡាកររូបនេះចាកចេញឡើយ។

លោកបាននិយាយថា៖ “Loren នឹងលេងជាមួយ Betis ដល់ចប់រដូវកាល។ ពួកគេបានធ្វើការស្នើសុំ ប៉ុន្ដែការងារនេះមិនបានសម្រេច ៩៩%។ យើងមិនចង់ឲ្យគេចាកចេញនោះទេ ហើយពួកគេកំពុងសម្លឹងឃើញកីឡាករជាច្រើនរូប។

“Loren នៅហ្វឹកហាត់បានល្អដូចសព្វមួយដង។ នេះជាអ្វីដែលតែងកើតឡើងនៅក្នុងពិភពបាល់ទាត់។ យើងមិនអាចចុះហត្ថលេខាកីឡាករណាផ្សេងបានឡើយ ដរាបណាមិនទាន់ មានការចំណាយទៅលើការផ្ដាច់កុងត្រារបស់គេ។ តម្លៃរបស់ Lorenគឺ ៥០លានអឺរ៉ូ ដូច្នេះ៩៩% មិនទាន់ត្រូវបានចំណាយនៅឡើយទេ។”

ប្រភព៖ Be Soccer

អានអត្ថបទបន្ទាប់៖ Dortmund លត់គូប្រកួត Frankfurt មិនឲ្យតដៃរួច មុនតតាំងជាមួយ PSG នៅ Champions League

កីឡាករឆ្នើមវ័យក្មេង Jadon Sancho និង Erling Braut Haaland រកបានម្នាក់មួយគ្រាប់ ជួយឲ្យ Dortmund យកឈ្នះទៅលើ Eintracht Frankfurt ដោយលទ្ធផល 4-0 ហើយឡើងទៅកាន់លេខ២ ក្នុងតារាង Bundesliga។

Lukasz Piszczek បានរកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ Dortmund មុនពេលដែល Sancho ស៊ុតបញ្ចូលទីពីការបញ្ជូនបាល់របស់ Axel Witsel ពីស្លាបខាងឆ្វេង។

កីឡាករវ័យក្មេងចំណូលថ្មី Haaland បានរកគ្រាប់បាល់ទី៣នៃការប្រកួត ហើយ Raphael Guerreiro រកបានមួយគ្រាប់បន្ថែម ដែលធានាជ័យជំនះសម្រាប់ Dortmund។

សម្រាប់ជ័យជំនះនេះ ជាការលើកទឹកចិត្តសម្រាប់ក្រុមអាល្លឺម៉ង់មួយនេះ មុនការប្រកួតវគ្គ១៦ក្រុមចុងក្រោយ Champions League ជាមួយនឹង PSG ដែលជើងទី១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែកុម្ភៈ វេលាម៉ោង ៣៖០០នាទីរំលងអាធ្រាត៕