ក្លឹបយក្សមួយនៅអឺរ៉ុប ធ្លាប់ចង់បាន Sadio Mane មុនពេលលេចធ្លោខ្លាំងនៅ Liverpool

តារាឆ្នើម Sadio Mane កៀកនឹងក្លាយជាកីឡាករ Bayern Munich ទៅហើយ ប៉ុន្ដែរូបគេបានរបូតពីដៃរបស់ក្លឹបអាល្លឺម៉ង់ នេះបើតាមការទំលាយរបស់នាយកប្រតិបត្ដិរបស់ក្លឹបលោក Karl-Heinz Rummenigge។

ខ្សែប្រយុទ្ធសញ្ជាតិសេណេកាល់រូបនេះ បានសំរេចផ្លាស់ទៅ RB Salzburg មុនពេលចាកចេញទៅចូលរួមជាមួយ Southampton ហើយផ្ទេរទៅ Liverpool ជាមួយនឹងតំលៃថ្លៃ។

Bayern មានការចាប់អារម្មណ៍ Mane ខ្លាំងនៅពេលដែលរូបគេបានចាកចេញពីក្លឹបបារាំង Metz ទៅចូលរួមជាមួយនឹងក្លឹបអូទ្រីស Salzburg ហើយលោក Rummenigge បានថ្លែងប្រាប់កាសែត Bild ថា៖ “យើងមានការចាប់អារម្មណ៍ទៅលើ Mane, ប៉ុន្ដែយ៉ាងណាក្ដី វាមិនអាចទៅរួច។ ក្រោយមកគេក៏ផ្លាស់ទៅ Southampton ហើយក្រោយមក Liverpool។ ពិតជាអាម៉ាស។”

គួរបញ្ជាក់ថា នៅក្នុងរដូវកាលនេះ Mane រកគ្រាប់បាល់បាន៨គ្រាប់ ហើយបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបាន៤គ្រាប់ នៅ Premier League ហើយក្រុមហង្សក្រហមឈរនៅកំពូលតារាង ជាមួយនឹងគំលាត ៨ពិន្ទុដាច់៕

ប្រភព៖ Goal