ក្លឹបរបស់ ច្រឹង ពលរដ្ឋ និង Muangthong ធ្លាប់តែឡើងជើង តែពីរប្រកួតបើករដូវកាលនេះ កុំមើល…

ក្លឹប​ដែល​ធ្លាប់​តែ​ខ្លាំង​និង​ទទួល​បាន​ភាព​ល្បីល្បាញ​នៅ​ក្របខ័ណ្ឌ Thai League 1 ពោល​គឺ​ដូច​ជា Buriram United និង Muangthong United ហាក់​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ដ៏​មិន​គួរ​ឲ្យ​ជឿ​នា​រដូវ​កាល​ថ្មី​នេះ។

ក្រោយ​បិទ​ជុំ​ទី ២ ក្រុម​ខ្លាំង​ទាំង​ពីរ​បាន​ខ្ទាត​ចេញ​ពី​តំណែង Top 5 ដោយ​ក្លឹប Buriram United ពីរ​ប្រកួត​បាន​ត្រឹម​ស្មើ​ទាំង​ពីរ ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៨ ខណៈ Muangthong ខ្ទាត​ក្បែរ​បាត​តារាង ដោយ​ពីរ​ប្រកួត​ត្រូវ​ចាញ់​ទាំង​ពីរ មាន ០ ពិន្ទុ ជំពាក់​គ្រាប់​បាល់​ពីរ​គ្រាប់ថែម​ទៀត។

បញ្ជាក់​ថា​ក្លឹបម្ចាស់ដី Chang Arena ក៏​មាន​វត្តមាន​កីឡាករ​កម្ពុជា​យើង​មួយ​រូប នោះ​គឺ ច្រឹង ពលរដ្ឋ ដែល​ព្រមព្រៀង​លើ​កុងត្រា​រយៈ​ពេល ២ ឆ្នាំ​មក​លេង​ឲ្យ​ក្លឹប​យក្ស​នៅ​ប្រទេស​ថៃ។ ប៉ុន្តែ​បច្ចុប្បន្ន​រូប​លោក​មិន​ទាន់​ជា​សះស្បើយ​ពី​របួស​នៅ​ឡើយ ជា​ហេតុ​ធ្វើ​ឲ្យ​ខកខាន​មិន​ទាន់​អាច​ចូលរួម​ប្រកួត​ពេញ​សិទ្ធ​សម្រាប់ Buriram។

រំឭក​ថា​ក្របខ័ណ្ឌ Thai League រាប់​តាំង​ពី​ឆ្នាំ ២០១២ ដល់ ២០១៨ គឺ Buriram ប្តូរ​ឆ្លាស់​គ្នា​ជាមួយ Muangthong ចែក​គ្នា​គ្រង​ពាន​មិនដាច់រដូវ​កាល ដោយ Buriram ធ្លាប់​ឈ្នះ​បាន ៥ លើក រី​ឯ Muangthong ឈ្នះ ២ លើក​ក្នុង​សម័យ​កាល​ជិត ១ ទសវត្សរ៍​នេះ។ ប៉ុន្តែ​ចូល​ដល់​រដូវ​កាល ២០១៩ នេះ គឺ​ហាក់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខូច​ចិត្ត​ជា​ខ្លាំង ដោយយើង​ក៏នឹង​រង់ចាំអុត​មើល​ប្រកួត​សេសសល់​ជា​ច្រើន​ទៀត​ថា​នឹង​ទៅ​ជា​បែប​ណា?

មតិយោបល់