ខំ​ហោះ​ទៅ​មើល​ប៉ារីស​ទាត់​ទាំង​យប់ ទី​បំផុត Solskjaer ​ចាប់​បាន​ចំណុច​ខ្លាំង​មួយរបស់គូប្រជែង

ក្រោយ​យក​ឈ្នះ​លើ​ក្លឹប Leicester City កាល​ពី​ចុង​សប្តាហ៍​ដើម​ខែ​កុម្ភៈ អ្នកចាត់ការ​លោក Ole Gunnar Solskjaer បាន​ចេញ​ជើង​ហោះហើរ​ទៅ​ទីក្រុង​ប៉ារីស​ទាំង​យប់​វេលា​ម៉ោង​ប្រហែល ២០:០០ នាទី (ម៉ោង​នៅ​អង់គ្លេស) ដើម្បី​ឆ្លៀត​ចូល​ទស្សនា​ការ​ប្រកួត​របស់​ក្លឹប​យក្ស​បារាំង PSG ​ដែល​បរាជ័យ​ក្រោម​ថ្វី​ជើង​​ Lyon ក្នុង​លទ្ធផល ២-១។

យ៉ាងណាមិញ PSG ដែល​ត្រៀម​មក​តតាំង​ United នៅ Old Trafford នា​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​ពុធ​នេះ ត្រូវ​បាន​លោក Solskjaer មើល​ឃើញ​ពី​ចំណុច​ខ្លាំង​មួយ​របស់​ Kylian Mbappe និង​ភាព​ខុស​គ្នា​អំឡុង​មើល​ការ​ផ្សាយ​ផ្ទាល់​និង​ទិដ្ឋភាព​ពិត គ្រា​ដែល​លោក​ទស្សនា​នៅ​កីឡដ្ឋាន​កាល​ពី​ពេល​កន្លង​ទៅ។

លោក​សង្កត់​ធ្ងន់​ថា៖ “ខ្ញុំ​គិត​ថា​វា​ពិបាក​ក្នុង​ការ​ប្រៀបធៀប​ប្រកួត នៅ​ពេល​ពួក​គេ​លេង​ក្នុង​លីគ ពួក​គេ​ដឹង​ច្បាស់​ហើយ​ថា​ពួក​គេ​ឈ្នះ​ពាន​ដោយ​ងាយ ប៉ុន្តែ​ក្នុង​ការ​ប្រកួត​នៅ Champions League ពួក​គេ​មាន​ភាព​ខុស​ប្លែក​ពី​គ្នា”។

លោក Solskjaer បន្ត​ថា៖ “ប៉ុន្តែ​វា​ជា​រឿង​ល្អ​ដែល​មើល​កីឡាករ​លេង​ដោយ​ផ្ទាល់​បែប​នេះ ព្រោះ​យើង​អាច​ឃើញ​ពី​ភាព​ខុស​ដោយ​ឡែក​នៃ​គោលការណ៍ គម្លាត​លើ​ទីលាន​ជា​ដើម អ្វី​ដែល​ពិសេស​គឺ​អាច​ឲ្យ​យើង​ដឹង​ច្បាស់​ពី​ល្បឿន​ដ៏​ល្បឿន​របស់ Mbappe”។

ប្រភព:Metro