ខ្ញីចាស់ Paul Scholes ដាច់ចិត្តទម្លាយឈ្មោះគូប្រកួតដែលខ្លួនពិបាកទប់ទល់បំផុត ពេលលេងនៅ Man utd

អតីតកីឡាករ Paul Scholes ដែលបានចូលនិវត្តទៅកាលពីឆ្នាំ ២០១៣ បានដាច់ចិត្តទម្លាយឈ្មោះគូប្រកួតពិបាកទប់ទល់បំផុតម្នាក់ដែលលោកធ្លាប់ប៉ះគ្នាអំឡុងពេលលេងនៅក្រុមបិសាចក្រហម Manchester United ដែលម្នាក់នោះគឺ អតីតប្រធានក្រុមកាំភ្លើងធំ Arsenal លោក Patrick Vieira។

Patrick Vieira
Paul Scholes

“នៅក្នុងចំណោមកីឡាករដែលខ្ញុំធ្លាប់ប្រកួតប៉ះ Vieira គឺពិតជាពូកែពិតមែន។ ពីដើមមកខ្ញុំមិនសូវជាខ្វល់ខ្វាយប៉ុន្មានទេចំពោះកាយសប្បទារបស់គូប្រកួត ព្រោះខ្ញុំគ្រាន់តែត្រូវការបណ្ដើរបាល់ឲ្យផុតពួកគេតែប៉ុណ្ណោះ”។ នេះបើតាមសម្ដីដែលលោក Paul បានប្រាប់ទៅកាន់សារព័ត៌មាន A Goal In One Podcast។

Patrick Vieira

លោកបានបន្តទៀតថា៖ “តែចំពោះ Vieira វិញ គឺពិតជាមានអារម្មណ៍ថាពិបាកទប់ទល់មែនទែន ព្រោះគេខ្ពស់ខ្លាំងណាស់។ ពេលប្រកួតប៉ះគេម្ដងៗ ខ្ញុំមានអារម្មណ៍ថាពិបាកតែម្ដង តែទោះជាយ៉ាងណាក៏គេនៅតែជាកីឡាករដែលល្អមួយរូបដែរ។ គាត់មិនត្រឹមតែអាចបិទគូប្រកួតបានល្អនោះទេ ជាពិសេសគាត់អាចឡើងទៅដល់តំបន់គ្រោះថ្នាក់ហើយបំប៉ោងសំណាញ់ទីបានថែមទៀតផង”៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ Ter Stegen និយាយថា មិត្តម្នាក់នៅ Dortmund គួរផ្ទេរមកលេងនៅ La Liga

អ្នកចាំទីឆ្នើម Andre Ter Stegen របស់ក្លឹប Barcelona បាននិយាយថា Mario Gotze គួរតែអាចបន្ដអាជីពរបស់ខ្លួន ដោយផ្ទេរមកកាន់លីគកំពូលអេស្ប៉ាញ ក្រោយពេលចែកផ្លូវគ្នាពីក្លឹប Borussia Dortmund។

កុងត្រាបច្ចុប្បន្នរបស់ Gotze ជាមួយ Dortmund នឹងផុតកំណត់នៅរដូវក្ដៅខាងមុខនេះ ហើយពុំបានសំណើកុងត្រាថ្មីសម្រាប់ភាគីទាំងសងខាងនោះទេ ដែលមានន័យថា កីឡាករអាល្លឺម៉ង់រូបនេះអាចចាកចេញដោយគ្មានតម្លៃខ្លួន។

ហើយ Ter Stegen ដែលជាមិត្តរួមក្រុមជម្រើសជាតិអាល្លឺម៉ង់ ចង់ឲ្យ Gotze ផ្ទេរមកកាន់ La Liga ដោយរូបគេយល់ឃើញថា ខ្សែបម្រើ័យ២៧ឆ្នាំ នៅមានទម្រង់លេងល្អ ដែលអាចឲ្យក្លឹបជាច្រើនត្រូវការ។

អ្នកចាំទីដៃទីមួយរបស់ Barcelona បាននិយាយថា៖ “Mario គឺជាកីឡាករដែលអាចគ្រប់គ្រងបាល់ និង បន្ថែមទៅលើការប្រកួត។​ គេពិតជាសម្របខ្លួនបានទៅនឹងលីគអេស្ប៉ាញ។”

“មិនដឹងថាគោលដៅរបស់គេគឺលេងបាល់ទាត់ឬយ៉ាងណានោះទេ។ នៅពេលដែលយើងនិយាយគ្នា យើងមិនដែលនិយាយគ្នាពីបាល់ទាត់ឡើយ។ សម្រាប់ខ្ញុំ វាសំខាន់ត្រង់ថា គេបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយគេគឺរីករាយ។ គេអាចសក្ដិសមជាមួយក្លឹបជាច្រើន ហើយធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្លឹបជាច្រើនផងដែរ។”

ប្រភព៖ Goal