ខ្សែប្រយុទ្ធក្រុម Wolves ចំអក Man United ថាហ្វេនបិសាចក្រហម បែទៅគាំទ្រក្រុមជើងខ្លាំងពីរនៅ EPL

តារាឆ្នើម Diogo Jota របស់ក្រុម Wolverhampton Wanderers បាននិយាយចំអក Manchester United មុនពេលក្រុមទាំងពីរត្រូវតតាំងគ្នានារាត្រីនេះ ដោយបានអះអាងថា អ្នកគាំទ្រក្រុមបិសាចក្រហម បានផ្លាស់ទៅគាំទ្រ Liverpool និង Manchester City វិញ។

Man United គឺជាក្រុមបាល់ទាត់មួយដែលមានអ្នកគាំទ្រច្រើនបំផុតនៅលើពិភពលោក ហើយពួកគេមានភាពល្បីល្បាញខ្លាំង នៅក្នុងជំនាន់ Sir Alex Ferguson នៅដឹកនាំ។

ប៉ុន្ដែ ក្រុម Man United ដែលនឹងត្រូវតតាំងជាមួយនឹង Wolves នារាត្រីនេះ មិនដែលឈ្នះពាន Premier League នោះទេ ចាប់តាំងពីលោក Ferguson ចូលនិវត្ដមក។

ហើយខ្សែប្រយុទ្ធព័រទុយហ្គាល់ Jota បាននិយាយថា អ្នកគាំទ្រនៅប្រទេសកំណើតរបស់គេ បានឈប់គាំទ្រ United ដោយងាកមកចាប់អារម្មណ៍គូប្រជែងស៊ីសាច់ហុតឈមទាំងពីរគឺ ក្រុមការពារជើងឯកអឺរ៉ុប Liverpool និង ក្រុមការពារជើងឯកលីគកំពូលអង់គ្លេស Man City។

ប៉ុន្ដែ កីឡាកររូបនេះបានទទូចអោយ គ្រូបង្វឹក Ole Gunnar Solskjaer ព្យាយាមស្ដារមុខមាត់់របស់ក្លឹប អោយខ្លាំងដូចកាលជំនាន់មុន បន្ទាប់ពីលោក  Jose Mourinho, Louis van Gaal និង David Moyes សុទ្ធតែមិនអាចធ្វើបាន៕

ប្រភព៖ Mirror