គ្មានជម្រើស! Real Madrid & Man United ត្រៀមដាក់លក់កីឡាករឆ្នើម ដោយមិនខ្វល់តំលៃខ្លួន

Gareth Bale និង Alexis Sanchez អាចនឹងត្រូវចាកចេញដោយគ្មានថ្លៃផ្ដាច់កុងត្រា ព្រោះក្លឹបរបស់ពួកគេ មិនអាចទ្រាំទ្រនឹងការចំណាយលើប្រាក់ពលកម្មថ្លៃកប់ពពករបស់ពួកគេ។

Bale បានត្រឹមអង្គុយកៅអីបម្រុង ក្នុងការប្រកួតដែល Real Madrid បរាជ័យ ២-០ ទល់នឹងក្រុម Real Betis កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ ដោយមិនទុកឱកាសអោយ ខ្សែប្រយុទ្ធសញ្ជាតិវេលស៍រូបនេះ បង្ហាញខ្លួននៅលើទីលានលើកចុងក្រោយ ដើម្បីលាអ្នកគាំទ្រឡើយ។

គ្រូបង្វឹកសញ្ជាតិបារាំងបាននិយាយថា បើទោះបីជាលោក ត្រូវបានអនុញ្ញាតអោយប្ដូរចូលកីឡាករទី៤ ក៏លោកមិនព្រមដាក់ Bale អោយចូលលេងឡើយ។

ដោយឡែក Alexis Sanchez ក៏ជាកីឡាករដែលទទួលបានប្រាក់ពលកម្មខ្ពស់ជាងគេនៅ Manchester United ប៉ុន្ដែមិនអាចជួយអ្វីបានច្រើនសំរាប់ Manchester United សំរាប់ការចំណាយពេលនៅទីនោះ អស់រយៈពេល ១៨ខែ។

ហើយបើតាមប្រភព Sunday Times បានរាយការណ៍ថា ក្លឹបរបស់កីឡាករទាំងពីររូបនេះ បានសំរេចអោយពួកគេចាកចេញដោយគ្មានតំលៃខ្លួន នៅរដូវក្ដៅខាងមុខនេះ ដើម្បីកាត់បន្ថយចំណាយថ្លៃពលកម្ម។

ក្លឹបបិសាចក្រហម ត្រូវចំណាយ ៦៣.៦៤ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍សំរាប់ ខ្សែប្រយុទ្ធសញ្ជាតិឈីលី ដូច្នេះហើយបានជាក្លឹបរិះរកវិធី ដើម្បីអោយរូបគេចាកចេញ ដើម្បីកាត់បន្ថយចំណាយខ្ជះខ្ជាយ។

ចំណែកឯ Real Madrid ក៏ទទួលបានឱកាស ដាក់ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំ អោយក្លឹបអង់គ្លេស Tottenham ខ្ចីជើង ទោះត្រូវជួយចេញថ្លៃពលកម្ម ប៉ុន្ដែការចចារហាក់នៅមិនទាន់ដាច់ស្រេច៕

Gareth Bale និយាយប៉ុន្មានម៉ាត់ សំរាប់អនាគតរបស់ខ្លួន អាចធ្វើអោយ Real Madrid ស្រឡាំងកាំង

ប្រភព៖ talkSPORT