គ្រាន់តែ Mendy មកដល់ជាផ្លូវការភ្លាម Chelsea កំណត់ចេញតម្លៃខ្លួនពិសេសមួយសម្រាប់ Kepa ភ្លែត

ក្រុមតោខៀវ Chelsea កំពុងចង់បញ្ចូនកីឡាករ Kepa Arrizabalaga ចេញពីក្លឹប សម្រាប់លក្ខខណ្ឌខ្ចីជើងនៅរដូវកាលនេះ បន្ទាប់ពីការមកដល់របស់កីឡាករ Edouard Mendy ហើយថែមទាំងបានកំណត់តម្លៃខ្លួនប្រមាណ ៤០ លានផោន សម្រាប់ក្រុមដែលចង់ចុះហត្ថលេខាជាមួយអ្នកចាំទីសញ្ជាតិអេស្ប៉ាញ នៅរដូវក្តៅបន្ទាប់ផងដែរ ។

Kepa Arrizabalaga 

ជាក់ស្តែងគ្រូបង្វឹកលោក Frank Lampard បានបង្ហាញពីភាពអស់ជំនឿចិត្តទៅលើ Kepa បន្ទាប់ពីកីឡាកររូបនេះ បានបង្ករកំហុសជាច្រើនលើកច្រើនសារកាលពីរដូវកាលមុន ហើយក្រុមតោខៀវក៏កំពុងត្រៀមខ្លួន ក្នុងការខាតបង់ដ៏ធំមួយផង បន្ទាប់ពីបានចំណាយទឹកប្រាក់បំបែកកំណត់ត្រាចំនួន ៧១ លានផោន ទិញយករូបគេ ពីក្លឹប Athletic Bilbao ។ ​

Kepa Arrizabalaga

ហើយយ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះលោក Lampard បានធ្វើការចុះហត្ថលេខាលើកីឡាករទី ៧ នៅរដូវក្តៅនេះ បន្ទាប់ពីក្រុម Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងតម្លៃ ២២ លានផោនជាមួយ Rennes សម្រាប់កីឡាករ Mendy ដែលធ្វើឲ្យអនាគតរបស់ Kepa ធ្លាក់ចូលទៅក្នុងភាពសង្ស័យកាន់តែខ្លាំងឡើងបន្ថែមទៀត ។

Edouard Mendy

មិនតែប៉ុណ្ណោះបើយោងទៅតាមកាសែត The Sun បានឲ្យដឹងថានាយកក្លឹបតោខៀវ Chelsea ចង់ឲ្យ Kepa បន្ថែមទំនុបចិត្តកាន់តែខ្លាំងឡើង ជាមួយនឹងការដាក់ឲ្យរូបគេ ខ្ចីជើងទៅកាន់ក្លឹបដ៏ទៃនៅរដូវក្តៅនេះ ហើយថែមទាំងបានកំណត់តម្លៃខ្លួនប្រមាណ ៤០ លានផោន សម្រាប់ក្រុមណាដែលចង់ចុះហត្ថលេខាលើគេ នៅរដូវក្តៅបន្ទាប់ផងដែរ ៕

ប្រភព: Metro 

អានអត្ថបទបន្ទាប់៖ មិនត្រឹមតែ Messi ទេ សូម្បីមិត្តចាស់ ២ រូបនេះ ក៏ធ្វើការរិះគន់ខ្លាំងៗទៅលើក្រុម Barca រឿងលក់ Suarez ចេញដែរ

អតីតតារាឆ្នើមរបស់ក្រុម Barcelona កីឡាករ Neymar និង Dani Alves ហាក់បានបង្ហាញពីការខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើរបស់ក្លឹបយក្សនៅអេស្ប៉ាញរូបនេះ ដែលបានធ្វើចំពោះខ្សែប្រយុទ្ធ Luis Suarez បន្ទាប់ពីមានការផ្លាស់ប្តូរជាផ្លូវការមួយទៅកាន់ក្រុម Atletico Madrid ។

Neymar , Dani Alves   

ជាក់ស្តែង Suarez បានសម្រេចចិត្តចូលរួមជាមួយក្រុមគូប្រជែងនៅ La Liga សម្រាប់ការផ្លាស់ប្តូរមួយ ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីក្រុម Barcelona បានយល់ព្រមបង់ថ្លៃ ដើម្បីបញ្ចប់កុងត្រាមុនពេលកំណត់ ក្រោយពីគ្រូបង្វឹកថ្មីលោក Ronald Koeman បានបញ្ជាក់យ៉ាងច្បាស់ថាកីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះ មិនស័ក្តិសមនៅក្នុងផែនការរបស់គាត់ នៅរដូវកាលនេះនោះទេ ។

Luis Suarez

មិនតែប៉ុណ្ណោះបន្ទាប់ពីមានរឿងដ៏ចម្រោងចម្រាស់ជាច្រើននៅក្នុងក្លឹប Messi ហាក់បានធ្វើការរិះគន់ចំៗទៅកាន់ថ្នាក់ដឹកនាំរបស់ក្លឹប ជាពិសេសទៅលើប្រធានក្លឹបលោក Josep Maria Bartomeu ផ្ទាល់តែម្តង ក្នុងអំឡុងពេល Suarez ធ្វើសន្និសីទសារព័ត៌មានចុងក្រោយ មុនការចាកចេញពីទឹកដី Camp Nou របស់គេ ។

Luis Suarez

ដោយឡែក Messi  បាននិយាយថា ៖ “ អ្នកស័ក្តិសមទទួលបានការចាកចេញ ក្នុងនាមជាបុរសម្នាក់ ដែលមានសារ:សំខាន់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប បន្ទាប់ពីអាចសម្រេចបាននូវរបស់សំខាន់ជាច្រើនទាំងលក្ខណ:ក្រុម និងបុគ្គល ។ ហើយអ្នកមិនសមត្រូវបានគេទាត់ចោល ដូចដែលពួកគេបានធ្វើចំពោះអ្នកនៅពេលនេះនោះទេ ” ។

លើសពីនេះ Neymar និង Alves ដែលបានចាកចេញពីក្លឹប Barcelona នាពេលកន្លងទៅផងដែរនោះ ក៏បានបង្ហាញបង្ហាញពីប្រតិកម្មរបស់ពួកគេ ទៅលើផុសរបស់ Messi នេះផងដែរ ខណ:ដែលពួកគេបានធ្វើការរិះគន់ធ្ងន់ៗទៅកាន់ក្លឹប ចំពោះការចាកចេញរបស់ Suarez ។

Neymar , Dani Alves

ទន្ទឹមនឹងនេះ Neymar បានសរសេរថា ៖ ” វាជារឿងមិនគួរឲ្យជឿ មិននឹកស្មានថាពួកគេអាចធ្វើរឿងទាំងនេះបានទាល់តែសោះ ” ។ ហើយមិនយូរប៉ុន្មាន Alves ក៏បានចូលរួមបញ្ចេញមតិផងដែរ ដោយបានសរសេរថា ៖ ” គួរឲ្យសោកស្តាយណាស់ វាជារឿងពិតដែលពួកយើងបានដឹងអស់រយ:ពេលជាយូរមកហើយ ។ វាត្រូវបានបង្ហាញឲ្យឃើញកាន់តែច្រើនឡើងៗ ជារៀងរាល់ឆ្នាំ ។ វាមិនមែននិយាយអំពីការឈ្នះ និងចាញ់នោះទេ ប៉ុន្តែវាគឺជាការគោរព ហើយពួកគេមិនបានដឹងអំពីវានោះទេ ” ៕

ប្រភព: Metro