គ្រាន់លឺដំណឹង Neymar ចង់មកវិញ Bayern ឆ្លៀតឱកាសលួងលមតារាឆ្នើមក្រុម Barca ម្នាក់ ឲ្យចុះហត្ថលេខាជាមួយខ្លួន

ក្លឹប Bayern Munich បានធ្វើកិច្ចចរចាជាមួយភ្នាក់ងាររបស់កីឡាករ Ousmane Dembele ជុំវិញការនាំយករូបគេ វិលត្រឡប់ទៅកាន់ទឹកដីប្រទេសអាឡឺម៉ង់វិញ ។

ជាក់ស្តែង Dembele គឺជាកីឡាករម្នាក់ ដែលទំនងជាចាកចេញពីទឹកដី Camp Nou រដូវក្តៅនេះ ខណៈដែលក្រុម Barcelona ត្រៀមខ្លួន ដើម្បីនាំយកីឡាករ Neymar ត្រលប់វិញ បន្ទាប់ពីខ្សែប្រយុទ្ធប្រេសុីលរូបនេះមានបំណងចង់ចេញពីក្រុម  Paris Saint-Germain ។

យ៉ាងណាមិញតារាឆ្នើមរបស់បារាំងកីឡាករ Dembele បានចូលមកជំនួសតំណែងរបស់ Neymar ហើយបានជ្រើសយកអាវលេខ 11 នៅពេលដែលបានផ្លាស់មកលេងនៅទឹកដី Camp Nou នៅក្នុងឆ្នាំ 2017 ខណ:ដែលបច្ចុប្បន្នក្លឹប Barcelona កំពុងស្វែងរកការប្រមូលសាច់ប្រាក់បន្ថែម ដើម្បីបង្រ្គប់លុយ ក្នុងការចុះហត្ថលេខា Neymar យកពីក្រុម PSG វិញ ហើយការលក់ Dembele ចេញ អាចនឹងធ្វើឲ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់ ។

មិនតែប៉ុណ្ណោះក្នុងពេលឥឡូវនេះ ខណៈដែលក្រុម Bayern Munich បានទទួលស្គាល់ថាពួកគេអាចនឹងបរាជ័យក្នុងចុះហត្ថលេខាលើកីឡាករ Leroy Sane ពីក្រុម Man City ពួកគេបានបង្វែចំណាប់អារម្មណ៍លើកីឡាករ Dembele ខណ:ដែលបានបញ្ចូនក្រុមការងាររបស់ក្លឹប ដើម្បីទៅចរចាជាមួយភ្ញាក់ងាររបស់ខ្សែប្រយុទ្ធរូបនេះ ៕

ប្រភព:Mirror