គ្រូធំ Ajax ទំលាយឈ្មោះក្លឹបពីរ ដែលខ្សែការពារ De Ligt អាចទៅចូលរួមនៅរដូវកាលក្រោយ

គ្រូបង្វឹក Erik Ten Hag របស់ក្រុម Ajax បានសារភាពថា ខ្សែការពារឆ្នើម Matthijs de Ligt នឹងមិនបន្ដលេងអោយក្លឹបនៅរដូវកាលក្រោយទេ ហើយលោកបានបង្ហាញការយល់ឃើញថា Barcelona និង Bayern Munich ជាក្រុមដែលអាចនឹងចុះហត្ថលេខាទិញុយករូបគេទៅចូលរួម។

ខ្សែការពារវ័យ ១៩ឆ្នាំ និង ជាប្រធានក្រុម Ajax មានទំនាក់ទំនងផ្ទេរទៅកាន់ក្លឹបកំពូលតារាង LaLiga, Barcelona ជាក្លឹបដែល មិត្តរួមក្រុម Frenkie De Jong នឹងផ្លាស់ទៅ នៅរដូវក្ដៅខាងមុខ បន្ទាប់ពីក្លឹបទាំងពីរព្រមព្រៀងផ្ទេរក្នុងតំលៃខ្លួន ៨៦លានអឺរ៉ូ។

ហើយមុនពេលដែល Barca ទិញបាន De Jong ក៏មានចចាមអារ៉ាមបានចុះផ្សាយថា ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich មានបំណងចង់បានតារាឆ្នើមវ័យក្មេងទាំងពីររូប ទៅចូលរួម។ ទោះយ៉ាងណាក្ដី បច្ចុប្បន្ន De Ligt មិនទាន់បានបង្ហើបថា ក្លឹបណាដែលរូបគេនឹងទៅចូលរួមនៅឡើយទេ។

ប៉ុន្ដែបើយោងតាមគ្រូបង្វឹករបស់ De Ligt លោក Ten Hag បាននិយាយនៅក្នុងបទសម្ភាសន៍របស់កាសែត Süddeutsche ថា លោកគ្មានសង្ឃឹមថា ប្រធានក្រុមវ័យក្មេងរូបនេះ នឹងបន្ដលេងអោយ Ajax ទៀតទេ សំរាប់រដូវកាលបន្ទាប់ ខណៈមានក្លឹបជាច្រើន កំពុងចាប់អារម្មណ៍រូបគេ ប៉ុន្ដែគ្រូបង្វឹករូបនេះ យល់ថា Barcelona ឬ Bayern Munich អាចជាក្លឹបដែល De Ligt អាចនឹងចូលរួម៕

ប្រភព៖ AS