គ្រូធំ Barca ត្រៀមបើកផ្លូវឲ្យតារាឆ្នើមនៅក្នុងក្រុមម្នាក់ ដើរចេញពីក្លឹបនៅរដូវក្តៅនេះ

គ្រូបង្វឹកលោក Ernesto Valverde បានបើកផ្លូវឲ្យកីឡាករ Ivan Rakitic ចាកចេញពីក្លឹប Barcelona នៅក្នុងរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះ ។

ជាក់ស្តែង Rakitic បានក្លាយជាផ្នែកដ៏សំខាន់មួយសម្រាប់ក្រុម Barcelona ចាប់តាំងពីរូបគេបានផ្ទេរចេញពីក្រុម Sevilla នៅឆ្នាំ 2014 ប៉ុន្តែកីឡាកររូបនេះនឹងត្រូវប្រឈមមុខ នឹងការប្រកួតប្រជែងសម្រាប់កន្លែងលេងមួយនៅរដូវកាលក្រោយ ។

គួរបញ្ជាក់ថាកីឡាករ Frenkie de Jong បានចូលរួមជាមួយក្រុម Barca ពីក្រុម Ajax ខណៈដែលកីឡាករ Arthur និង Carles Alena ក៏កំពុងតែប្រជែងដណ្តើមយកតួនាទីលេងមួយនៅក្នុងក្រុម ជាមួយខ្សែបម្រើ Sergio Busquets ផងដែរ ។

យ៉ាងណាមិញក្រោយពីការប្រកួតមិត្តភាពរវាងក្រុម Barca និងក្រុម Chelsea ចប់លោក Valverde បានបដិសេធក្នុងការធានាលើឱកាសលេងរបស់ Rakitic នៅក្នុងក្រុមរបស់លោក រដូវកាលថ្មីខាងមុខនេះ ។

មិនតែប៉ុណ្ណោះគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា ៖ ” Rakitic គឺជាកីឡាករដ៏សំខាន់ម្នាក់ ខ្ញុំមិនដឹងថាតើវានឹងជារដូវកាលនេះឬយ៉ាងណាទេ ។ ហើយកីឡាករថ្មីៗកំពុងតែមក ដូច្នេះគាត់គួរតែយល់ពីរឿងទាំងអស់នេះ ” ៕

ប្រភព: Mirror