គ្រូបង្វឹក Sarri ព្រមានដកកីឡាករឆ្នើមមួយរូប ពីបញ្ជីកីឡាករដែលត្រូវលេង Champions League

បន្ទាប់ពីបរាជ័យ ក្នុងការផ្លាស់ទៅលេងនៅ Tottenham Hotspur បន្ទាប់ពីទីផ្សារដោះដូរនៅអង់គ្លេសត្រូវបិទទ្វារ ខ្សែប្រយុទ្ធ Paulo Dybala អាចនឹងផ្លាស់គោលទៅផ្ទេរទៅកាន់ក្លឹបយក្សអឺរ៉ុបមួយចំនួនផ្សេងទៀតដូចជា Paris Saint-Germain និង Bayern Munich ជាដើម ស្របពេលដែល Juventus កំពុងតែពិចារណាលក់កីឡាករនៅតំបន់ប្រយុទ្ធមួយចំនួនចេញ ដោយសារមានកីឡាករច្រើនរូបគរជើងគ្នា។

ទំនាក់ទំនងរវាង ខ្សែប្រយុទ្ធអាហ្សង់ទីន ជាមួយនឹងក្លឹបយក្សអ៊ីតាលី ហាក់មានគំលាតពីគ្នាបន្ទាប់ពីការមកដល់របស់តារាឆ្នើម Cristiano Ronaldo ដោយរូបគេត្រូវបង្ខំចិត្តលេងនៅតំបន់ខាងស្ដាំ ដើម្បីសម្របជាមួយនឹងខ្សែប្រយុទ្ធព័រទុយហ្គាល់ កាលពិរដូវកាលមុន ហើយរូបគេក៏ត្រូវអង្គុយកៅអីបម្រុងក្នុងការប្រកួតមិត្ដភាពមុនបើករដូវកាល ទល់នឹងក្រុម Atletico Madrid ខណៈដែល Ronaldo ត្រូវចាប់ដៃជាមួយនឹង Gonzalo Higuain នៅតំបន់ប្រយុទ្ធ។

ទោះយ៉ាងណាក្ដី Dybala បានប្ដូរចូលលេង ហើយក៏បានបង្ហាញទម្រង់លេងល្អផងដែរ ប៉ុន្ដែ Douglas Costa ហាក់បង្ហាញភាពលេចធ្លោជាង។

បច្ចុប្បន្ន មានជម្រើសកីឡាករនៅតំបន់ប្រយុទ្ធជាច្រើនសំរាប់ក្រុមសេះបង្កង់ ហើយលោក Sarri បានព្រមានថា Dybala អាចជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ដែលត្រូវកាត់ឈ្មោះចេញពី បញ្ជីកីឡាករដែលត្រូវចូលរួមប្រកួត Champions League នៅរដូវកាលថ្មី។

ក្រុមជើងឯកលីគកំពូលអ៊ីតាលី បានសំរេចក្នុងការលក់កីឡាករឆ្នើមវ័យក្មេង Moise Kean ទៅអោយក្លឹបអង់គ្លេស Everton ប៉ុន្ដែគ្រូបង្វឹកសញ្ជាតិអ៊ីតាលី នៅតែពិបាកក្នុងការសំរេចចិត្តជ្រើសរើសកីឡាករសំរាប់តំបន់ប្រយុទ្ធនៅដើមរដូវកាលថ្មីនេះ ខណៈដែល Mario Mandzukic នៅតែក្រាញ់ននៀល ចង់នៅបន្ដនៅទីក្រុងទូរីន។

លោក Sarri បាននិយាយថា៖ “Dybala ប្រឈមុខខ្ពស់ ក្នុងការកាត់ចេញពីបញ្ជីកីឡាករ ត្រៀមប្រកួត Champions League។ នៅក្នុងលក្ខខណ្ឌមួយចំនួន យើងត្រូវតែកាត់ឈ្មោះកីឡាករ៦រូប ចេញពីបញ្ជីកីឡាករសំរាប់ Champions League។ ស្ថានភាពរបស់ពួកយើងគឺ ពិបាកក្នុងការរំពឹងទុកណាស់ វាជាការអាម៉ាស ប្រសិនបើយើងប្រថុយក្នុងការកាត់ឈ្មោះកីឡាករ ដែលមានគុណភាពខ្ពស់៦រូបចេញពីបញ្ជីកីឡាករ។”

ប្រភព៖ AS