គ្រូ​ជប៉ុន ៣ រូប​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​នៅ​អាស៊ី កំពុង​ផ្ទុះ​ការ​សាទរ​ខ្លាំង

ជប៉ុន​ត្រូវ​បាន​រាប់​ចូល​ជា​ប្រទេស​មួយ​ដែល​ទទួល​បាន​ជោគជ័យ​គួរសម​នៅ​វិស័យ​កីឡា​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ី។ កីឡាករ​ខ្លះ​បន្ទាប់​ពី​ចូល​និវត្តន៍ ពួក​គេ​ក៏​អភិវឌ្ឍ​ខ្លួន​មក​ចាប់​យក​ជំនាញ​ជា​អ្នកចាត់ការ​នៅ​តាម​បណ្តា​ប្រទេស​ដទៃៗ។

មិន​ខុស​ពី​លោក Keisuke Honda, លោក Tatsuma Yoshida និង​លោក Akira Nishino សុទ្ធ​សឹង​តែ​កំពុង​ជាប់​ភារកិច្ច​ជាមួយ​ប្រទេស​ ៣ នៅ​អាស៊ី។

លោក Honda ជា​បុគ្គល​មួយ​រូប​ដែល​ទទួល​បាន​ការ​គោរព​ស្រលាញ់​ពី​សំណាក់​អ្នក​គាំទ្រ​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​អស់​ពី​ចិត្ត​របស់​អតីត​កីឡាករ​ធ្លាប់​លេង​នៅ​ក្លឹប AC Milan រូប​នេះ។ នៅ​ប្រកួត​នា​ពេល​កន្លង​ទៅ​ទល់​ជម្រើស​ជាតិ​បារ៉ែន ត្បិត​មិន​បាន​ស្មើ ប៉ុន្តែ Honda នៅ​តែ​បន្ត​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​កម្ពុជា ​ហើយ​លទ្ធផល ០-១ និង​តាម​សាច់​បាល់​លើ​ទីលាន​ក៏​រាប់​ថា​ជា​ការ​អភិវឌ្ឍ​ដ៏​ល្អ​ប្រសើរ​មួយ​ទៅ​ហើយ។

នៅ​ឯ​សិង្ហបុរី​ដែល​ដឹកនាំ​ដោយ Tatsuma Yoshida ក៏​បាន​ជួយ​ឲ្យ​ក្រុម​យក​ឈ្នះ​ប៉ាឡេស្ទីន​នៅ​លទ្ធផល ២-១ ខណៈ​ដំរី​ថៃ​សម្ញែង​ឫទ្ធិ​ឥត​ទុក​មុខ​ឲ្យ​ឥណ្ឌូណេស៊ី​លុត​នៅ​លទ្ធផល ៣-០ ក្រៅ​ទឹក​ដី ជា​ការ​ដឹកនាំ​របស់​លោក Akira Nishino ទើប​ចូល​កាន់​តំណែង​ថ្មីថ្មោង៕

ប្រភព៖ JapanFootball