គ្រូ Bayern ថា Coutinho អាចនឹងអង្គុយកៅអីបម្រុង ខណៈចំណូលថ្មីមួយរូបទៀត អាចលេងជម្រើសដំបូង

ខ្សែបម្រើ Philippe Coutinho នឹងមិនបង្ហាញខ្លួនសំរាប់ជម្រើសដំបូងសំរាប់ Bayern Munich ក្នុងការប្រកួតទល់នឹងក្រុម Schalke នៅថ្ងៃសៅរ៍នេះក្នុងលីគកំពូលអាល្លឺម៉ង់ឡើយ នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹក Niko Kovac។

កីឡាករវ័យ២៧ឆ្នាំរូបនេះ បានចុះហត្ថលេខាផ្ទេរមកកាន់ទឹកដីអាល្លឺម៉ង់ ជាមួយនឹងលក្ខខណ្ឌខ្ចីជើងរយៈពេល១រដូវកាលពីក្លឹប Barcelona កាលពីសប្ដាហ៍មុន។

ហើយនៅក្នុងសន្និសីតសារព័ត៌មាន លោក Kovac បានបញ្ជាក់ថា កីឡាករប្រេស៊ីលនឹងត្រូវអង្គុយកៅអីបម្រុងសំរាប់ការប្រកួតដំបូងរបស់ខ្លួន។

ដោយឡែក កីឡាករចំណូលថ្មី Ivan Perisic ដែលជាមិត្តរួមជាតិក្រូអាត អាចនឹងបង្ហាញខ្លួនសំរាប់ជម្រើស១១នាក់ដំបូង ដោយសារតែរូបគេបានចូលរួមប្រកួតមិត្តភាពមុនបើករដូវកាល សំរាប់ក្រុម Inter Milan បានច្រើនប្រកួត មុនផ្ទេរមកកាន់ទឹកដី Allianz Arena៕

ប្រភព៖ Be Soccer