គ្រូ Spurs មិនសប្បាយចិត្តព្រោះ ក្រុមលោកជួបរឿងអយុត្តិធម៌ មុនប៉ះ Ajax សប្ដាហ៍ក្រោយ

លោក Mauricio Pochettino បានលើកឡើងថា វាពិតជាអយុត្តិធម៌ ដែលក្រុម Ajax ទទួលបានពេលវេលាសំរាក មុនពេលប្រកួត Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឈានចូលមកដល់។

Tottenham នឹងបើកកីឡដ្ឋានរបស់ខ្លួន ដើម្បីទទួលស្វាគមន៍ក្រុមកំពូលតារាងលីគកំពូលហូឡង់ បន្ទាប់ពីពួកគេប្រកួតទល់នឹង West Ham នៅ Premier League នៅល្ងាចនេះ។

ហើយពួកគេនឹងធ្វើការប្រកួតទល់នឹង Ajax នៅក្នុងកីឡដ្ឋាន Tottenham Hotspur នៅយប់ថ្ងៃអង្គារ ហើយត្រលប់ទៅប្រកួតនៅទីក្រុងអាំស្ទែរដាម នៅសប្ដាហ៍ក្រោយជើងទី២។

Ajax ទទួលបានអាទិភាពពី ថ្នាក់លើរបស់លីគកំពូលហូឡង់ ដែលបានអនុញ្ញាតអោយមានការលើកថ្ងៃប្រកួតនៅក្នុងលីគចុងសប្ដាហ៍នេះ ដើម្បីអោយពួកគេផ្ដោតអារម្មណ៍តែទៅលើការប្រកួតពានអឺរ៉ុបប៉ុណ្ណោះ។

ដូច្នេះហើយ បានជាលោក Pochettino ដែលជាអ្នកចាត់ការក្លឹបមាន់ខ្នាយមាស មានអារម្មណ៍មិនសប្បាយចិត្ត ចំពោះភាពអយុត្តិធម៌ ហើយបាននិយាយថា៖  “វាជារឿងពិបាក។ ខ្ញុំយល់ថានៅក្នុងស្ថានភាពបែបនេះ គ្រប់គ្នាគឺមានជម្រើស។ ខ្ញុំក៏យល់ច្បាស់ផងដែរថា Premier League និង FA បានព្យាយាមជួយពួកយើង។

“វាជាការពិតដែលថា Premier League គឺខុសដាច់ពី លីគកំពូលរបស់ហូឡង់ ហើយអ្វីដែលជាភាពជាក់ស្ដែងនោះគឺពួកគេមិនបានប្រកួតនោះទេ ហើយខ្ញុំគិតថា វាជារឿងដែលអយុត្តិធម៌។”

ប្រភព៖ talkSPORT