ក្រុមហង្សក្រហម Liverpool កំពុងតែរិះរកវីធី ដើម្បីចូលទៅក្នុងទីផ្សារដោះដូរកីឡាករ ក្នុងខែមករានេះ ដើម្បីស្វែងរកជម្រើសការពារបន្ថែមទៀត ខណ:វាត្រូវបានគេរាយការណ៍ថាក្រុមរបស់លោក Jurgen Klopp កំពុងសម្លឹងឃើញខ្សែការពាររបស់ក្រុម Napoli កីឡាករ Nikola Maksimovic ដើម្បីយកមកបង្កើនឱកាស ក្នុងការរក្សាពានរង្វាន់លីគរបស់ពួកគេ ។

ជាក់ស្តែងក្រុមម្ចាស់ជើងឯក Premier League មួយនេះ កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុតមិនធ្លាប់មានមួយ ចាប់តាំងពីគ្រូបង្វឹកលោក Jurgen Klopp ចូលកាន់តំណែងក្នុងឆ្នាំ ២០១៥ មក ដោយសារតែកីឡាករសំខាន់ៗជាច្រើនត្រូវប្រឈមមុខជាមួយរបួសធ្ងន់ធ្ងរ ដែលធ្វើឲ្យក្រុមមានភាពទន់ខ្សោយទៅៗ នៅក្នុងរដូវកាលនេះ ។
រំលឹកផងដែរថាកីឡាករជម្រើសទី ១ Virgil van Dijk និង Joe Gomez ទំនងជាមិនមានវត្តមានលើទីលានម្តងទៀតទេក្នុងរដូវកាលដែលនៅសេសសល់នេះ ដោយសារបញ្ហាជង្គង់ធ្ងន់ធ្ងរ ហើយចំណែកឯប្រធានក្រុម Jordan Henderson ត្រូវផ្លាស់ប្តូរតួនាទីលេងរបស់ខ្លួន ដើម្បីចុះមកជួយតំបន់ការពារកណ្តាលថែមទៀតផង នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។

សរុបមក គ្រូបង្វឹកលោក Klopp បានធ្វើធ្វើការផ្លាស់ប្តូរជម្រើសខ្សែការពារកណ្តាលជាច្រើនរូបមកហើយ ចាប់តាំងពីដើមរដូវកាលរហូតមកដល់ពេលនេះ ដោយនៅតែមិនអាចធ្វើឲ្យប្រព័ន្ធការពាររបស់ក្រុមមានភាពរឹងមាំឡើយ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនទទូចឲ្យក្លិប ព្យាយាមចុះហត្ថលេខាលើជម្រើសថ្មីបន្ថែមទៀត នៅមុនពេលទីផ្សារដោះដូរកីឡាករខែមករានេះ ត្រូវបានបញ្ចប់ ។

ហើយយ៉ាងណាមិញ វាត្រូវបានគេយល់ថាខ្សែការពារ Kalidou Koulibaly របស់ក្រុម Napoli គឺជាកីឡាករ ដែលមានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ទឹកដី Anfield ប៉ុន្តែទោះជាយ៉ាងណាក្លិបនៅ Serie A មួយនេះ នឹងមិនអនុញ្ញាតឲ្យតារាឆ្នើមខ្លួនរូបនេះចាកចេញទេ លុះត្រាតែទទួលបានលុយសុទ្ធ ១០០ លានផោន ។

លើសពីនេះ យោងតាមរបាយការណ៍ចុងក្រោយពី Sky Sports បានបង្ហាញឲ្យដឹងថាប្រធានក្លិប Napoli លោក Aurelio De Laurentiis បានជូនដំណឹងថាក្លិប Liverpool អាចនឹងទទួលបានឱកាស ដើម្បីចុះហត្ថលេខាលើដៃគូការពារកណ្តាលរបស់ Koulibaly គឺកីឡាករ Maksimovic ជំនួសវិញ ដោយសារតែកីឡាកររូបនេះ អាចនឹងមានតម្លៃទាបជាង ៕
ប្រភព: Metro
អានអត្ថបទបន្ទាប់៖ Fabinho ប្រាប់ពីស្ថានភាព Salah ក្រោយមានចចាមអារ៉ាមថា Barca/Real ចង់បាន
ខ្សែបម្រើប្រេស៊ីល Fabinho ថ្មីៗនេះបានចេញមុខបកស្រាយពាក់ព័ន្ធនឹងស្ថានភាពរបស់ Mohamed Salah នៅឯក្រុមហង្សក្រហម Liverpool ក្រោយពីទទួលដំណឹងថា ក្លឹប Barcelona ឬ Real Madrid អាចនឹងក្លាយជាទ្រនំថ្មីរបស់គេ។

ខ្សែប្រយុទ្ធ Salah នៅសេសសល់សុពលភាពកុងត្រា ជាមួយក្លឹប Liverpool ដល់ចុងខែមិថុនា ឆ្នាំ ២០២៣ ហើយបច្ចុប្បន្នគេអាចមានតម្លៃផ្ទេរចេញខ្ទង់ប្រមាណ ១២០ លានអឺរ៉ូ។
យ៉ាងណាមិញ Fabinho ដែលជាមិត្តរួមក្រុមនៅតែជឿជាក់ថា Salah គេរីករាយនឹងបន្តនៅ ហើយពាក្យចចាមអារ៉ាមវាជារឿងធម្មតាទៅហើយ។ ប្រាប់សារព័ត៌មាន Sky Sports លោកនិយាយ៖ “កីឡាករកំពូលៗតែងតែមានឈ្មោះរបស់ពួកគេក្នុងចចាមអារ៉ាមបែបហ្នឹងហើយ ដោយ Salah គេកំពុងលេងឲ្យក្លឹប Liverpool ជាក្លឹបធំបំផុតមួយក្នុងលោក បែបនេះខ្ញុំគិតថាវាជារឿងធម្មតាដែលមានឈ្មោះរបស់គេភ្ជាប់ទៅកាន់ក្លឹបដទៃ ជាពិសេសគឺក្លឹបនៅលីគផ្សេងទៀតនោះ”។


លោកបន្តទៀតថា៖ “យ៉ាងណាក៏ដោយ ខ្ញុំនៅតែមើលឃើញថា Salah គេរីករាយនៅទីនេះ ហើយក៏ពេញចិត្តនឹងការលេងរបស់គេនៅរដូវកាលនេះដែរ ហើយគេមានឆន្ទៈចង់ជួយក្រុមនិងខិតខំខ្លាំងបំផុត”៕
ប្រភព៖ AF