ចាំ​ឥត​ភ្លេច ឆ្នាំ ២០១៥ “ស្តេចបារី” Sarri ធ្លាប់​តិះដៀល​បញ្ឈឺ​ក្លឹប Juventus ចំៗ

កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​យើង​បាន​ទទួល​ដំណឹង​ភ្ញាក់ផ្អើល​មួយ​បន្ទាប់​ពី​លោក Maurizio Sarri ​បាន​ចូល​កាន់កាប់​តំណែង​ជា​អ្នកចាត់ការ​នៅ​ក្លឹប Juventus ជា​ផ្លូវការ។

 

យ៉ាងណាមិញ​សើរើ​ដល់​រឿងរ៉ាវ​ចាស់​គ្រា​ដែល​បុរស​សញ្ជាតិ​អ៊ីតាលី​រូប​នេះ ធ្លាប់​ជា​អ្នកចាត់ការ​នៅ​ក្លឹប Napoli លោក​ក៏​ធ្លាប់​បោះ​សម្តី​ឌឺដង​ដល់​សេះ​បង្កង់​យ៉ាង​ស្ពឹក​មុខ ទាក់ទិន​នឹង​ការ​កាត់​សេចក្តី​មិន​មាន​យុត្តិធម៌​ពី​សំណាក់​អាជ្ញាកណ្តាល។

អំឡុង​ការ​ប្រកួត​មួយ​នៅ​លីគ Serie A គ្រា​ដែល​ក្រុម Napoli ​ប៉ះ Udinese នា​ខែ​វិច្ឆិកា ឆ្នាំ ២០១៥ ត្បិត​ក្រុម​របស់​លោក​ទទួល​ជ័យជម្នះ​តាម​រយៈ​គ្រាប់​បាល់​របស់ Gonzalo Higuain ​ប៉ុន្តែ​លោក​នៅ​មិន​អស់​ចិត្ត​នឹង​ការ​កាត់​សេចក្តី​របស់​អាជ្ញាកណ្តាល​ដែល​មិន​ព្រម​ផ្តល់​បាល់ ១១ ម៉ែត្រ​ឲ្យ​មក​របស់​លោក។

ផ្ទុយ​​ទៅ​វិញ​ពេល​សួរនាំ​ពី​ការ​សម្រេច​ចិត្ត​នេះ​ពី​សំណាក់​សារព័ត៌មាន លោក Sari ​បាន​ប្រាប់ Tuttonapoli ដូច្នោះ​ថា៖ “ចង់​ឈ្នះ​បាល់​ប៉េណាល់ទី ​អ្នក​ចាំ​បាច់​ត្រូវ​ប្រើប្រាស់​អាវ​ឆ្នូត​សម្រាប់​ក្រុម​របស់​អ្នក”។

អាវ​ឆ្នូត​គឺ​បាញ់​ចំ​មួយ​ទំហឹង​ទៅ​លើ​ក្លឹប​សេះ​បង្កង់ ដែល​ប្រើប្រាស់​ឆ្នូត​ស​ខ្មៅ ដោយ​ចង់​ថា​អាជ្ញាកណ្តាល​លំអៀង​ការ​សម្រេច​ចិត្ត​តែ​សម្រាប់​ក្រុម​ជើង​ឯក​តែ​ប៉ុណ្ណោះ។ តើ​បុរស​វ័យ ៦០ ឆ្នាំ​ជុំវិញ​ការ​មក​ដឹកនាំ​ក្លឹប​ដែល​ខ្លួន​ធ្លាប់​តិះដៀល​លើក​នេះ អាច​ទទួល​បាន​ជោគជ័យ​ដល់​កម្រិត​ណា?

ប្រភព: FoxSportAsia