ចៀសវាងបញ្ហា Juventus ស្នើអោយមានការរៀបចំការប្រកួតមិត្តភាព ICC ក្នុងពីរប្រទេសនៅអាស៊ី

បើយោងតាមកាសែត New York Times បានអោយដឹងថា ក្រុម Juventus នឹងមិនចូលរួមសំរាប់ការប្រកួត International Champions Cup នៅទឹកដីនៃសហរដ្ឋអាមេរិចនោះទេ សំរាប់រដូវកាលខាងមុខ ដើម្បីចៀសវាងបញ្ហាកើតឡើងទៅលើតារាឆ្នើម Cristiano Ronaldo ក្នុងករណី រំលោភសេពសន្ថវៈ។

ក្រុមអ៊ីតាលី បានបញ្ជាក់ថាពួកគេនឹងចូលរួមការប្រកួតពានរង្វាន់មុនបើករដូវកាលមួយនេះ ប៉ុន្ដែបើតាមកាសែតអាមេរិច អ្នករៀបចំការប្រកួតនឹងមិនកំណត់ទីតាំងប្រកួតនៅអាមេរិចឡើយ។

បច្ចុប្បន្ន Ronaldo កំពុងត្រូវបានអាជ្ញាធរនៅ Las Vegas ធ្វើការស៊ើបអង្គេតក្រោមបណ្ដឹងរបស់អតីតតារាបង្ហាញម៉ូត Kathryn Mayorga ដែលបានអះអាងថា ខ្សែប្រយុទ្ធព័រទុយហ្គាល់ បានរំលោភនាងកាលពីឆ្នាំ ២០០៩ ហើយបានចំនាយ ៣៧.៥ម៉ឺនដុល្លារដើម្បីបំបិទមាត់ ប៉ុន្ដែមេធាវីរបស់ Ronaldo បានធ្វើការច្រានចោលការចោទប្រកាន់របស់ នាង Mayorga។

ជាលទ្ធផល នៃការសំរេចចិត្តរបស់អ្នករៀបចំការប្រកួតរបស់ ICC ក្រុម Juventus ត្រូវចូលរួមប្រកួតនៅ សិង្ហបុរី និង ចិន ជាមួយនឹងក្លឹបអង់គ្លេស Tottenham និង Manchester United ហើយគំរោងប្រកួតមិត្តភាពមុនបើករដូវកាល នឹងត្រូវប្រកាសជាផ្លូវការនៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ៕

ប្រភព៖ AS