ចំណូលថ្មីរបស់ Juventus ថាពេលបានលេងរួមក្រុមជាមួយ Ronaldo នឹងធ្វើអោយរូបគេកាន់តែប្រសើរជាងមុន

កីឡាករចំនូលថ្មី Danilo របស់ Juventus បានសារភាពថា Cristiano Ronaldo បានប្រាប់រូបគេពីរឿងល្អៗជាច្រើនអំពីការចូលរួមជាមួយនឹង Juventus ខណៈដែលរូបគេថា ក្លឹបនេះនឹងធ្វើអោយរូបគេកាន់តែប្រសើរឡើង។

ខ្សែការពារស្លាបស្ដាំសញ្ជាតិប្រេស៊ីល បានចាកចេញពី Manchester City មកកាន់ទីក្រុងទូរីន ក្រោយក្លឹបទាំងពីរព្រមព្រៀងដោះដូរជាមួយនឹងខ្សែការពារ Joao Cancelo ជាការសំរេចចិត្តដែលអ្នកគាំទ្រ Juve មួយចំនួនមិនសប្បាយចិត្ត។

ក្រោយបានចូលរួមជាមួយនឹងក្រុមជើងឯកលីគកំពូលអ៊ីតាលី Danilo បាននិយាយថា៖ “ជាការពិត ខ្ញុំធ្លាប់បានពិភាក្សាពីការផ្ទេរមកកាន់ Juve កាលពីអតីត ប៉ុន្ដែខ្ញុំជឿជាក់ថា វាជាពេលដ៏ត្រឹមត្រូវសំរាប់ការមកទីនេះ។”

អតីតខ្សែការពារ Real Madrid រូបនេះ បានទំលាយនូវអ្វីដែលគេបាននិយាយជាមួយ Ronaldo ដោយបានលើកឡើងថា៖ “យើងបាននិយាយគ្នាលេង ហើយខ្ញុំបានប្រាប់គាត់ថា ខ្ញុំចង់បានអាវលេខ៧ ប៉ុន្ដែ វាមានម្ចាស់រួចទៅហើយ! គាត់បានស្វាគមន៍ខ្ញុំមកកាន់ទីក្រុងទូរីន ជាមួយនឹងស្នាមញញឹម ហើយគាត់និយាយថា ខ្ញុំបានឈានជើងមកកាន់ក្លឹបដ៏ល្អមួយ។ ការលេងរួមក្រុមជាមួយនឹងតារាឆ្នើមកំរិតប្រហែលគាត់ បានផ្ដល់អោយខ្ញុំនូវការជម្រុញទឹកចិត្តបន្ថែមទៀត។”

ប្រភព៖ Football Italia