ជម្រើសជាតិវេលស៍ ហាមប្រាម Gareth Bale រឿងមួយ មុនប្រកួត Euro 2020

ប្រធានសហព័ន្ធបាល់ទាត់វេលស៍ លោក Jonathan Ford បាននិយាយថា កីឡាករក្រុមជម្រើសជាតិរបស់លោក ត្រូវបានហាមប្រាមពីការលេងវាយកូនហ្គោល កំឡុងពេលត្រៀមប្រកួត Euro 2020 នៅឆ្នាំក្រោយ។

លោក Ford បាននិយាយថា៖ “អ្នកមិនអាចស្ថិតនៅក្នុងស្ថានភាព ដែលកីឡាករប្រថុយសុខភាពពួកគេ ដើម្បីលេងវាយកូនហ្គោលនោះទេ។ ខ្ញុំពេញចិត្តកីឡាករមួយចំនួន ដែលមើលឃើញខុសប្លែកពីនេះ។ អ្នកមិនអាចហ្វឹកហាត់ពេញមួយថ្ងៃបាននោះទេ ដូច្នេះត្រូវតែមានការកំសាន្ដខ្លះសំរាប់ពួកគេ។ ប៉ុន្ដែអ្នកត្រូវតែប្រយ័ត្ន។”

សំរាប់ការសំរេចចិត្តធ្វើបែបនេះ ក៏មានការលូកដៃរបស់គ្រូបង្វឹកជម្រើសជាតិវេលស៍ Ryan Giggs ផងដែរ។ លោក Ford បានបន្ថែមថា៖ “Ryan គឺបានបញ្ជាក់យ៉ាងច្បាស់ថា ពេលនៅជំរុំហ្វឹកហាត់ការផ្ដោតអារម្មណ៍របស់យើង គឺនៅលើតែបាល់ទាត់ប៉ុណ្ណោះ។”

សំរាប់ការហាមប្រាមនេះ ហាក់ខុសប្លែកពីអ្វីដែលក្លឹប Real Madrid បានធ្វើជាមួយ Gareth Bale។ ក្លឹបយក្សអេស្ប៉ាញពុំដែលហាម កីឡាកររូបនេះ សំរាប់អ្វីដែលរូបគេស្រលាញ់ឡើយ បើទោះបីជា ការពិនិត្យសុខភាពមើលឃើញថា ការវាយកូនហ្គោលអាចប៉ះពាល់ដល់ អាជីពបាល់ទាត់របស់គេក្ដី។

Bale មានបញ្ហារបួស ចាប់តាំងពីចូលរួមជាមួយនឹង Real Madrid ហើយបានរងការរិះគន់ ពីការស្រលាញ់ការវាយកូនហ្គោល ហើយក្រោយជួយក្រុមវេលស៍ឆ្លងទៅវគ្គចុងក្រោយ រូបគេបានលើកទង់ជាតិរបស់ខ្លួន ជាមួយនឹងពាក្យស្លោក «វេលស៍ . ហ្គោល . ម៉ាឌ្រីដ រាប់តាមលេខរៀង។» ដែលគេចង់បានន័យថា ការលេងវាយកូនហ្គោល សំខាន់ជាង Real Madrid៕

ប្រភព៖ SPORT

អានអត្ថបទបន្ទាប់៖ Mourinho មើលឃើញកូនក្រុមម្នាក់ថា មានទេពកោសល្យ ហើយអាចក្លាយជាកំពូលកីឡាករ នាពេលអនាគត

លោក Jose Mourinho បាននិយាយថា ខ្សែបម្រើ Dele Alli មានទេពកោសល្យដើម្បីធ្វើអ្វីមួយ ដែលរូបគេចង់ធ្វើ បន្ទាប់ពីកីឡាកររូបនេះ បានសាងភាពលេចធ្លោ ចាប់តាំងពីរូបលោកចូលខ្លួនមកដឹកនាំក្រុម Tottenham។

លោក Mourinho បានត្រលប់មកចូលរួមជាគ្រូបង្វឹកនៅ Premier League សារជាថ្មី ក្រោយបាត់បង់តំណែងអស់រយៈពេល១១ខែ បន្ទាប់ពីត្រូវបានបណ្ដេញចេញពីតំណែងជាគ្រូបង្វឹកក្រុម Manchester United កាលពីខែធ្នូឆ្នាំមុន។

បុរសសញ្ជាតិព័រទុយហ្កាល់រូបនេះ បានជួយឲ្យក្រុមមាន់ខ្នាយមាស ទទួលបានទំនុកចិត្តសារជាថ្មី ក្រោយធ្លាក់ទម្រង់លេងខ្លាំងនៅ Premier League ក្រោមការដឹកនាំរបស់លោក Mauricio Pochettino ពោលគឺ៦ខែ បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League។

ហើយមុនពេលត្រូវតតាំងជាមួយនឹង Manchester United នៅទឹកដី Old Trafford នារាត្រីនេះ លោក Mourinho ក៏បាននិយាយផងដែរ ពីទេពកោសល្យដែលគ្មាននរណាដូចរបស់ Alli ដោយអះអាងថា រូបគេអាចឈានដល់កំរិតកំពូល ប្រសិនបើរូបគេមានការជំរុញទឹកចិត្តកាន់តែខ្ពស់ជាងនេះ។

លោក Mourinho បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ “គេអាចធ្វើអ្វីតាមដែលគេចង់ធ្វើ។ ខ្ញុំគិតថាគេមានទេពកោសល្យ គេមានអាយុសមរម្យ និង បទពិសោធន៍សមរម្យផងដែរ។ គេធ្លាប់មានបទពិសោធន៍ នៅកំរិតខ្ពស់ ដោយលេងនៅ Champions League លេងនៅក្នុងក្រុមជម្រើសជាតិ ក្នុងការប្រកួតពានធំៗ ជាមួយនឹងទេពកោលស្យ ទាំងនៅវ័យក្មេង។

“គេមានគ្រប់យ៉ាង។ វាគ្រាន់តែត្រូវការការលើកទឹកចិត្តបន្ថែមជារៀងរាល់ថ្ងៃ។ នេះមិនមែនសំរាប់បុគ្គលណាម្នាក់ទេ នេះគឺសំរាប់អ្នកគ្រប់គ្នា។”

ប្រភព៖ Goal